(កំពង់ឆ្នាំង)៖ លោក ឌិត ឃិន មេភូមិសេះស្លាប់ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ នៅល្ងាចថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១នេះ បានឲ្យដឹងថា ដោយពិនិត្យឃើញប្រជាពលរដ្ឋចំនួន៤គ្រួសារ មានមុខរបរជាអ្នកនេសាទត្រី នៅក្នុងភូមិសេះស្លាប់ កំពុងជួបការលំបាកខ្វះខាត ក្នុងជីវភាពរស់នៅនេសាទត្រីអត់បានខ្វះអង្ករហូប លោកក៏បានរាយការណ៍ជូនលោក សាំង គឹមស៊ន មេឃុំឆ្នុកទ្រូ ឱ្យជួយដោះស្រាយ ជូនប្រជាពលរដ្ឋនៅក្នុងភូមិរបស់លោកដែលកំពុងជួបការខ្វះខាត។
លោកមេភូមិសេះស្លាប់បានបន្តថា ជាក់ស្ដែងនៅល្ងាចថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១នេះ លោក សាំង គឹមស៊ន មេឃុំឆ្នុកទ្រូ បាននាំយកអំណោយផ្ទាល់ខ្លួនរបស់លោកមកចែកជូនប្រជាពលរដ្ឋទាំង៤គ្រួសារដោយផ្ទាល់ដៃ។
ប្រជាពលរដ្ឋទាំង៤គ្រួសារខាងលើនេះ គឺ១គ្រួសារ ឈ្មោះ ភុំ ចាន់ធឿន ប្រពន្ធឈ្មោះ ទុំ ហ៊ុម មានកូន៤នាក់ ទទួលបានថវិកា២០ម៉ឺនរៀល ដើម្បីទិញស្លឹកជួសជុលដំបូលផ្ទះនិងជញ្ជាំងផ្ទះ អង្គរ១០គីឡូ និងមី២០កញ្ចាប់។ គ្រួសារ ឈ្មោះ កាយ គីម ប្រពន្ធឈ្មោះ សន ចន្ធូ មានកូន៧នាក់ ទទួលបានអង្ករ២០គីឡូ មី១កេះធំ ស្មើនិង៥០កញ្ចប់។ ស្ត្រីមេម៉ាយឈ្មោះ ធី អៀងឡាយ មានកូន៤នាក់ ទទួលបានអង្ករ១០គីឡូ មី២០កញ្ចប់ គ្រួសារនេះដែរ លោកមេឃុំសន្យាថា នឹងជួយចាក់ដីនៅក្នុងលំនៅដ្ឋានដែលលិច ទឹកចំនួនជូន៥ឡានថែមទៀត ស្មើនិងថវិកាចំនួន១០៥ ០០០ រៀល , និងគ្រួសារទី៤ ឈ្មោះ ព្រឿង សៅឡេង ប្រពន្ធ ឈ្មោះ រស់ អៀងលី មានកូន៤នាក់ទទួលបានអង្ករ ១០គីឡូ មី២០កញ្ចប់។
នៅក្នុងការផ្ដល់អំណោយខាងលើនេះដែរ លោក សាំង គឹមស៊ន មេឃុំឆ្នុកទ្រូ បាននិយាយផ្ដាំផ្ញើប្រជាពលរដ្ឋថា ទោះបីអំណោយតិចតួចពិតមែនក៏អាចជួយដោះស្រាយការខ្វះខាតជូនបងប្អូនបានមួយគ្រាដែរ។ ថ្ងៃ ក្រោយបើមានការលំបាកមិនមានលទ្ធភាពដោះស្រាយជីវភាពបាន សូមបងប្អូនរាយការណ៍មកលោកមេភូមិដោយផ្ទាល់ ដើម្បីឲ្យក្រុមការងារនៅក្នុងឃុំជួយដោះស្រាយការខ្វះខាតជូនបន្តទៀត។ មិនថាតែប្រជាពលរដ្ឋចំនួន៤ គ្រួសារនេះទេ ប្រជាពលរដ្ឋនៅក្នុងឃុំរបស់លោកប្រសិន បើមានការខ្វះខាតជួបការលំបាក អាជ្ញាធរភូមិត្រូវរាយការណ៍មកលោកផ្ទាល់ ឬក៏ក្រុមការងារឃុំជាបន្ទាន់ដើម្បីក្រុមការងារនិងចុះជួយបងប្អូនបានទាន់ពេល។
ប្រជាពលរដ្ឋដែលទទួលអំណោយខាងលើនេះទាំង៤គ្រួសារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរដល់លោកមេឃុំឆ្នុកទ្រូ ខណៈដែលពួកគាត់កំពុងមានការខ្វះខាតនៅក្នុងបរិបទកូវីដ១៩ពេលនេះ។ ដោយពួកគាត់ សូមជូនពរលោកមេឃុំសូមឲ្យជួបតែសំណាងល្អមាន ជ័យជំនះគ្រប់ភារកិច្ច ក្នុងការបន្តបំរើប្រជាពលរដ្ឋយូរអង្វែងតទៅទៀត៕