(ពោធិ៍សាត់)៖ លោក ខូយ រីដា ប្រធានគណៈកម្មាធិការ តំណាងឲ្យលោក ម៉ៅ ធនិន ប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ បានដឹកនាំមន្ត្រីក្រុមការងារ នាំយកអំណោយមនុស្សធម៌ជូនគ្រួសារសពស្ត្រី មានផ្ទៃពោះជិតគ្រប់ខែ ដែលស្លាប់ដោយសារជំងឺឈាមសស៊ីឈាមក្រហម ដល់លំនៅដ្ឋានស្ថិតនៅក្នុងភូមិព្រែក៣ ឃុំសំរោង ស្រុកភ្នំក្រវាញ នារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៦។
លោកអនុសេនីយ៍ទោ ស៊ឹម រ៉ន នាយប៉ុស្តិ៍សំរោង បានប្រាប់ភ្នាក់ងារ Fresh News ថា ស្ត្រីរងគ្រោះមានឈ្មោះ នៅ ស្រីនាង ភេទស្រី អាយុ២៥ឆ្នាំ មានប្តីឈ្មោះ ម៉ុន អែកឆៃ អាយុ ២២ឆ្នាំ រស់នៅភូមិឃុំខាងលើ។ លោកនាយប៉ុស្តិ៍សំរោងបានបន្តថា នៅវេលាម៉ោង ១១៖៣០នាទីយប់ ម្តាយស្ត្រីរងគ្រោះ បានទំនាក់ទំនងមកលោក សុំជួយអន្តរាគមន៍ដឹកកូនស្រីទៅពេទ្យ ព្រោះមានអាក្ការៈចេះតែថប់ៗដង្ហើម ហើយណែនដើមទ្រូង ក្អក និងក្អួតផង។
ពេលបញ្ជូនមកដល់មន្ទីរពេទ្យបង្អែកពោធិ៍សាត់ ក្រុមគ្រូពេទ្យបានពិនិត្យ និងព្យាបាលអស់ពីលទ្ធភាព ឃើញថាកូនក្នុងពោះស្ត្រីរងគ្រោះស្លាប់បាត់ទៅហើយ ក៏សម្រេចបញ្ជូនស្ត្រីរងគ្រោះទៅភ្នំពេញ តែជាអកុសល មិនទាន់ដល់ភ្នំពេញផង ក៏ស្លាប់បាត់បង់ជីវិតនៅខេត្តកំពង់ឆ្នាំង តាមកូននៅក្នុងផ្ទៃជិតគ្រប់ខែ។ស្រ្តីខាងលើ បានស្លាប់បាត់បង់ជីវិត នៅវេលាម៉ោង ២៖៣៨នាទីទៀបភ្លឺ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៦។
លោកវេជ្ជបណ្ឌិត ចាន់ សុខា ប្រធានមន្ទីរពេទ្យបង្អែកពោធិ៍សាត់ ក៏បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងផងដែរថា សពស្ត្រីរងគ្រោះនេះ គឺមានអាការៈស្រដៀងទៅនឹងស្ត្រី ឈ្មោះ កែវ វណ្ណា មានផ្ទៃពោះជិតគ្រប់ខែ ថប់ៗដង្ហើម ហើយណែនដើមទ្រូងដូចគ្នា ដែលបានស្លាប់កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦ មកម្លេះ។
តាមការវិនិច្ឆ័យរបស់លោកវេជ្ជបណ្ឌិតបានឲ្យដឹងថា ប្អូនប្រុសបង្កើត និង ប្អូនស្រីជីដូនមួយ ស្ត្រីរងគ្រោះ គឺអាចមានជំងឺឈាមស ស៊ីឈាមក្រហមដូចគ្នា។ យ៉ាងណាមិញ ទាមទារឲ្យស្ត្រីមានផ្ទៃពោះទាំងអស់ ត្រូវកំណត់ទៅលើបរិមាណនៃការទទួលទានប្រចាំថ្ងៃ និងពិនិត្យសុខភាពឲ្យបានទៀងទាត់តាមវេជ្ជបញ្ជារបស់គ្រូពេទ្យ។
លោក ខូយ រីដា បានសម្តែងនូវការសោកស្តាយចំពោះការបាត់បង់ភរិយា បង និងកូនម្នាក់ជាទីស្រឡាញ់ និង សូមចូលរួមរំលែកមរណទុក្ខជាមួយគ្រួសារសព ក្រៅពីនោះលោកក៏បាននាំយកពាក្យផ្តាំផ្ញើ និងសាកសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។ លោកបានបន្តថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជានិច្ចកាលតែងតែយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខប្រជាពលរដ្ឋ ជាពិសេសស្ត្រី ជាក់ស្តែងដូចជាសពស្ត្រី នៅ ស្រីនាង នេះជាដើម ត្រូវបានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត យកចិត្តទុកដាក់យ៉ាងខ្លាំង ដោយមិនប្រកាន់អំពីនិន្នាកាអ្វីឡើយ ដូចពាក្យថា «ទីណាប្រជាពលរដ្ឋមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា» ។
អំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមខេត្តពោធិ៍សាត់ ផ្តល់ដល់គ្រួសារសពរួមមាន អង្ករ ៥០គីឡូក្រាម, ទឹកក្រូច ២កេស, ទឹកបរិសុទ្ធ ២កេស, ទឹកត្រី ២យួរ, ទឹកស៊ីអ៉ីវ ២យួរ, ថវិកា ៥០ម៉ឺនរៀល និ អនុសាខាកាកបាទក្រហមស្រុកភ្នំក្រវាញ ថវិកា ១០ម៉ឺនរៀល ។ ក្រៅពីនោះមន្ទីរពេទ្យបង្អែកពោធិ៍សាត់ថវិកា ២០ម៉ឺនរៀល។
ដើម្បីជួយអន្តរាគមន៍ និងសម្រួល តែជាអកុសល ក្រុមគ្រូពេទ្យបានព្យាយាមអស់ពីលទ្ធភាពទៅហើយ។ នេះគឺជាទម្លាប់ដែលឯកឧត្តមអភិបាលខេត្ត តែងតែជួយដោះស្រាយទុក្ខលំបាក និងសំណូមពររបស់ប្រជាពលរដ្ឋដោយផ្ទាល់ តាមប្រព័ន្ធលេខទូរស័ព្ទ ២ខ្សែ ២៤ម៉ោង/២៤ម៉ោង ដែលបានផ្តល់ជូនផងដែរ៕