(បាត់ដំបង)៖ នាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ដឹកនាំដោយលោកបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខាលោក លោកស្រី គណៈកម្មាធិការសាខា អនុសាខា ដោយមានការអញ្ចើញចូលរួមជាអបុសាខាស្រុកសង្កែ បានអញ្ចើញចុះសួរសុខទុក្ខ និងសំណេះសំណាលព្រមទាំងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តផ្តល់ ជូនប្រជាពលរដ្ឋរងគ្រោះ ដោយខ្យល់កន្ត្រាក់ចំនួន ១២គ្រួសារធ្ងន់ធ្ងរ ក្នុងនោះធ្ងន់១គ្រួសារប៉ះពាល់ភូមិចំនួន៤ នៃឃុំកំពងព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង។

នាឱកាសនោះ លោកបណ្ឌិត ប៊ុត គឹមស៊ាន បានផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

លោកបានចូលរួមសោកស្តាយជាមួយបងប្អូនដែលបានបាត់បង់ជីវិត រងរបួស និងប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ ធ្វើឲ្យខូចខាតទ្រព្យសម្បត្តិ រួមមាន៖ រលំផ្ទះ និងរបើកដំបូល នាពេលនេះ និងបានផ្តាំផ្ញើសូមឲ្យ មានការប្រុងប្រយ័ត្ន នៅពេលភ្លៀងត្រូវរកកន្លែងមានសុវត្ថិភាពជ្រក ហើយត្រូវបិទទូរស័ព្ទ ចៀសវាងគ្រោះថ្នាក់កើតឡើងជាយថាហេតុ ចូលរួមគោរពចរាចរណ៍ផ្លូវគោក និងថែររក្សាសុខភាព អនាម័យជាប្រចាំតាមការណែនាំ របស់ក្រសួងសុខាភិបាល ចៀសផុតពីជំងឺកូវីដ-១៩ និងបង្កាកុំអោយរីករាលដាលឆ្លងក្នុងសហគមន៍ទាំងអស់គ្នា ជាពិសេសត្រូវចូលរួមអនុវត្តនូវវិធានការការពារពីការឆ្លងជំងឺកូវីដ១៩ ដូចខាងក្រោម៖ «៣ការពារ និង៣កុំ»។

លោកថា ថ្វីត្បិតអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ មានចំនួនតិចតួចក្ដី មិនសមល្មមនឹងការខាតបង់របស់ក្រុមគ្រួសារ តែក៏អាចជួយសម្រាលទុក្ខបាក បានមួយកម្រិត ហើយក៏ជាការបង្ហាញ នូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជាដូចទិសស្លោក ខ្ញុំនិងកាកបាទ ក្រហមកម្ពុជា-មិនទុកនណាម្នាក់ចោលឡើយ។

សម្ភារត្រូវផ្តល់ជូនគ្រួសារក្នុង០១គ្រួសារៗទទួលអំណោយបានរួមមាន៖ អង្ករ២៥គីឡូក្រាមទឹកបរិសុទ្ធវី ១ធុងមី១កេសសារុង១ ក្រមា១ អាល់កុល ១ដប ម៉ាស់១០បន្ទះនិង ថវិកាមួយចំនួនផងដែរ៕