(កំពង់ឆ្នាំង)៖ លោក ស៊ុន សុវណ្ណារិទ្ធ ដែលទើបត្រូវបានប្រកាសតែងតាំងជាអភិបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១នេះ បានដឹកនាំសមាជិកក្រុមប្រឹក្សាខេត្ត និងមន្ត្រីរាជការ ចុះសាកសួរសុខទុក្ខ នឹងនាំយកអំណោយ ប្រគល់ជូនកូនភ្លោះ៣នាក់ ដែលកំពុងតែសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។
នៅក្នុងឱកាសនោះលោកវេជ្ជបណ្ឌិត ទុំ សម្បត្តិ ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង បានធ្វើសេចក្តីរាយការណ៍ជូនលោកអភិបាលខេត្ត អំពីប្រវត្តិសង្ខេបរបស់ស្ត្រីដែលសម្រាលកូនបាន៣នាក់ខាងលើនេះ គឺមានឈ្មោះ លេង ស្រីវន្ត័ អាយុ៤០ឆ្នាំ មានប្តីឈ្មោះ ឡុង ហុកសេង អាយុ៤១ឆ្នាំ ពួកគាត់មានទីលំនៅភូមិកំពង់ព្រះ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ និងបានចូលមកសម្រាលកូននៅថ្ងៃទី២៥ ខែមិថុនា ដោយកើតបានកូនភ្លោះប្រុស៣នាក់ ដែលមានទម្ងន់ ២,៤គីឡូក្រាម ២នាក់ និងទម្ងន់ ២,៥គីឡក្រាម ១នាក់។ ដោយសុខភាពកូនភ្លោះទាំង៣មិនប្រក្រតី ទើបគ្រូពេទ្យត្រូវបន្តដាក់នៅក្នុងទូរកញ្ចក់ដើម្បីសង្គ្រោះ ប៉ុន្តែជាអកុសលកាលពីថ្មីៗនេះកូនភ្លោះម្នាក់ក្នុងចំណោមកូនភ្លោះ ៣នាក់បានស្លាប់ បច្ចុប្បន្ននៅសល់តែកូនភ្លោះ ២នាក់តែប៉ុណ្ណោះ។
នៅក្នុងឱកាសនោះដែរ លោកអភិបាលខេត្តកំពង់ឆ្នាំង ក៏បានផ្ដាំផ្ញើដល់ស្ត្រីដែលសម្រាលបានកូនភ្លោះ៣ សូមយកចិត្តទុកដាក់ថែរក្សាសុខភាព ឲ្យបានមាំមួន ព្រោះថាកូនភ្លោះកើតមកកំពុងតែស្ថិតនៅក្នុងការថែ ទាំរបស់ក្រុមគ្រូពេទ្យ ដែលដាក់ឲ្យនៅក្នុងទូរកញ្ចក់នៅឡើយ។
លោកអភិបាលបានបន្តថា ដោយទទួលបានព័ត៌មានថា ស្ត្រីដែលកើតបានកូនភ្លោះ៣ មានជីវភាពលំបាកណាមួយពួកគាត់ទើបបន្លាស់ទីផ្ទះបណ្ដែតទឹកផង ទើបថ្ងៃនេះបានយកថវិកាផ្ទាល់ខ្លួនចំនួន ១លានរៀល ដើម្បីសម្រាលទុក្ខលំបាកបានមួយគ្រាផងដែរ។
ចំណែកស្ត្រីចំនួន ៤នាក់ទៀត ដែលទើបសម្រាលកូន នៅសម្រាកជិតគ្នានេះដែរ លោកក៏បានជួយឧបត្ថម ក្នុងម្នាក់ៗ១០ម៉ឺនរៀល។ ក្នុងឱកាសនោះដែរ ស្ត្រីឈ្មោះ លេង ស្រីវ័ន្ត ដែលកើតបានកូនភ្លោះ៣នាក់ និងស្ត្រី៤នាក់ទៀត បានថ្លែងអំណរគុណ ដល់លោកអភិបាលខេត្ត ដែលបានយកចិត្តទុកដាក់ និងផ្ដល់ថវិកានៅពេលដែលពួក គាត់កំពុងជួបការលំបាកនេះ៕