(ភ្នំពេញ)៖ និយ័តករគណនេយ្យ និងសវនកម្ម នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «នីតិវិធី និងបែបបទ នៃការដាក់បញ្ជូនរបាយការណ៍ ហិរញ្ញវត្ថុរងសវនកម្មរួច មកនិយ័តករគណនេយ្យ និងសវនកម្ម»។ នេះបើតាមសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។
សេចក្ដីជូនដំណឹងបានឲ្យដឹងថា និយ័តករគណនេយ្យ និងសវនកម្ម នឹងរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី នីតិវិធី និងបែបបទ នៃការដាក់បញ្ចូនរបាយការណ៍ ហិរញ្ញវត្ថុរងសវនកម្មរួច មកនិយ័តករគណនេយ្យ និងសវនកម្ម តាមប្រព័ន្ធអនឡាញ (E-Filing System) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង៨៖៣០ព្រឹក។
ដើម្បីចូលរួមទប់ស្កាត់ ការរីករាលដាលនៃវីរុសកូវីដ១៩ តាមគោលការណ៍របស់ក្រសួងសុខាភិបាល និយ័តករគណនេយ្យ និងសវនកម្ម នឹងរៀបចំសិក្ខាសាលានេះ តាមរយៈប្រព័ន្ធអនឡាញ (Zoom) ដែលអ្នកចូលរួមអាចចុះឈ្មោះ និងចូលរួមបានតាមរយៈ Link ឬ QR Code ខាងក្រោមទាំងការចុះឈ្មោះ និងការចូលរួម សម្រាប់សិក្ខាសាលានេះ។ សិក្ខាសាលានេះ មិនតម្រូវឲ្យអ្នកចូលរួមបង់កម្រៃទេ៕