(កណ្ដាល)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់យ៉ាងច្បាស់ៗថា ក្រុមការងារជញ្ជីងចល័តរបស់ក្រសួង នឹងនៅតែបន្តចុះឆ្មក់ចាប់រថយន្តដឹកលើសទម្ងន់កំណត់ដូចភ្លៀងរលឹម មិនបន្ធូរបន្ធយដៃនោះទេ ដើម្បីកាត់បន្ថយ និងទប់ស្កាត់ការដឹកទំនិញលើសទម្ងន់កំណត់ដោយច្បាប់។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងប្រាប់ Fresh News យ៉ាងដូចនេះនាថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១នេះ ក្រោយឃើញថា ក្រុមជញ្ជីងចល័តរបស់ក្រសួង បានចុះចាប់រថយន្តដឹកលើសទម្ងន់បានជាច្រើនគ្រឿងជាបន្តបន្ទាប់ ខណៈរយៈពេលថ្មីៗនេះចាប់បានច្រើននៅក្នុងខេត្តកណ្តាល។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ទៀតថា បើសិនក្រុមការងារជញ្ជីងចល័តរកឃើញឡានដឹកទំនិញណាដែលលើសទម្ងន់២០%ឡើង នោះនឹងរងការពិន័យ ដោយច្បាប់ ហើយត្រូវឃាត់ទុកឡានរយ:ពេលមួយឆ្នាំ។
លោកទេសរដ្ឋមន្ត្រី ក៏បានអំពាវនាវដល់អ្នកដឹកទំនិញទាំងអស់ បញ្ឈប់ការដឹកលើសទម្ងន់កំណត់ដោយច្បាប់ ដែលបំផ្លិចបំផ្លាញផ្លូវ ខណ:ដែលសម្ដេចតេជោ ហ៊ុន សែន ខិតខំប្រឹងប្រែង រកថវិការមកស្ថាបនាផ្លូវ-ស្ពាន ឲ្យមានភាពងាយស្រួល និងស្អាតល្អ ដូច្នេះសូមរួមគ្នាគោរពតាមច្បាប់ទាំងអស់គ្នា ដើម្បីរក្សាបាននូវគុណភាពផ្លូវឱ្យ ប្រើប្រាស់បានយូរអង្វែង។
សូមបញ្ជាក់ថា លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ធ្លាប់បានថ្លែងដែរថា ក្រុមការងាររបស់ក្រសួង តែងតែធ្វើសកម្មភាពចុះឆ្មក់ចាប់រថយន្តដឹកទំនិញនៅតាមផ្លូវធំ ដើម្បីធ្វើការផាកពិន័យ និងឃាត់ទុក ដោយបានចាប់រថយន្តទុកមួយឆ្នាំ មិនឱ្យបើកបរបានជាង១០០គ្រឿងហើយ ដោយមិនគិតថាជាឡានរបស់អ្នកណា មានខ្នងធំយ៉ាងណានោះ គឺមិនអាចអន្តរាគមន៍ដោះលែងបាននោះទេ។
គួរបញ្ជាក់ថា ចំពោះសកម្មភាពនៃការចុះចាប់រថយន្តល្មើសទម្ងន់របស់ក្រុមការងារក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើឡើងនៅ៣ទីតាំងក្នុងខេត្តកណ្ដាល ដោយទី១៖ នៅស្រុកកណ្ដាលស្ទឹង បានធ្វើការពិន័យនិងឃាត់ទុកមួយឆ្នាំទៅលើរថយន្តល្មើសចំនួន៨គ្រឿង។ ទី២៖ នៅស្រុកខ្សាច់កណ្ដាល ធ្វើការពិន័យនិងឃាត់ទុក មួយឆ្នាំទៅលើរថយន្តល្មើសចំនួន៨គ្រឿង។ ទី៣៖ នៅក្រុងតាខ្មៅ ដោយធ្វើការពិន័យ និងឃាត់ទុកមួយឆ្នាំទៅលើរថយន្តល្មើសចំនួន១០គ្រឿង និងពិន័យតែប្រាក់ ទៅលើរថយន្តចំនួន ១គ្រឿង៕