(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានស្នើសុំឱ្យវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បន្តសហការ និងគាំទ្រវិស័យសុខាភិបាលកម្ពុជាឱ្យកាន់តែច្រើនថែមទៀត ជាពិសេសលើការបណ្តុះបណ្តាលធនធានមនុស្ស និងស្រាវជ្រាវវិទ្យាសាស្រ្ត ផ្នែកជំងឺឆ្លង។
ការថ្លែងបែបនេះ របស់រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ក្នុងឱកាសអនុញ្ញាតឱ្យលោកស្រី Laurence BARIL នាយកវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលានៃការបញ្ចប់អាណត្ដិបេសកកម្មការងាររបស់លោកស្រីនៅកម្ពុជា ដែលធ្វើឡើងនៅទីស្តីការក្រសួងសុខាភិបាល នារសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១នេះ។
ទន្ទឹមនឹងនោះ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺជាដៃគូដ៏យូរអង្វែង ដែលបានជួយឧបត្ថម្ភគាំទ្រប្រទេសកម្ពុជា ទាំងការអភិវឌ្ឍស្ថាប័នផ្នែកមន្ទីរពិសោធន៍ និងការអភិវឌ្ឍធនធានមនុស្ស។
ក្នុងឱកាសនោះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះវិទ្យាស្ថានប៉ាស្ទ័រ កម្ពុជា ជាពិសេស លោកស្រីវេជ្ជបណ្ឌិត Laurence BARIL ដែលតែងតែសហការគ្នាយ៉ាងល្អកន្លងមកនេះ លើសពីនោះ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
ជាមួយគ្នានោះ លោកស្រីវេជ្ជបណ្ឌិត Laurence BARIL ក៏បានថ្លែងថា វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា មានបេសកកម្មជាចម្បងក្នុងផ្នែកសុខភាពសាធារណៈ ស្រាវជ្រាវវិទ្យាសាស្ត្រលើផ្នែកជំងឺឆ្លង មន្ទីរពិសោធន៍ និងអភិវឌ្ឍន៍ ធនធានមនុស្ស។ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ចែកចេញជា៩ផ្នែក គឺ១៖ ផ្នែកចាក់ថ្នាំបង្ការ, ២៖ផ្នែកវិភាគ ជីវវេជ្ជសាស្រ្ត, ៣៖ផ្នែកវីរុសសាស្រ្ត, ៤៖ផ្នែក Immunology, ៥៖ ផ្នែកអេពីដេមីសាស្រ្តសុខភាពសាធារណៈ, ៦៖ផ្នែកសុវត្ថិភាពអាហារ បរិស្ថាន, ៧៖ផ្នែកបាណកសាស្រ្ត, ៨៖ ផ្នែកមន្ទីរពិសោធន៍ជំងឺគ្រុនចាញ់ និង៩៖ ផ្នែករដ្ឋបាល។
អំឡុងអាណត្ដិបេសកកម្មការងាររបស់លោកស្រីវេជ្ជបណ្ឌិត Laurence BARIL នៅកម្ពុជា លោកស្រីបង្ហាញនូវសមិទ្ធផលដែលវិទ្យាស្ថាន សម្រេចបាន ដូចជា៖
ផ្នែកសុខភាពសាធារណៈ៖
* អភិវឌ្ឍសមត្ថភាពមន្ទីរពិសោធន៍វិភាគគុណភាពទឹក និងចំណីអាហារ
* កម្មវិធីបង្ការជំងឺឆ្កែឆ្កួតក្នុងប្រទេសកម្ពុជា
* សម្របសម្រួល និងគាំទ្រដល់ការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជាពិសេសបង្កើនសមត្ថភាពមន្ទីរ ពិសោធន៍ផ្នែកវីរុសសាស្រ្ត ក្លាយជាមន្ទីរពិសោធន៍បង្គោលនៅក្នុងតំបន់ ទទួលស្គាល់ដោយ WHO សម្រាប់ការវិភាគធ្វើរោគវិនិច្ឆ័យជំងឺកូវីដ-១៩។
ផ្នែកស្រាវជ្រាវវិទ្យាសាស្ត្រ
* អភិវឌ្ឍ និងគាំទ្រឲ្យមានគំរោងស្រាវជ្រាវវិទ្យាសាស្ត្រ ជាមួយដៃគូដូចជា ជាមួយ CNM, CENAT, NCHADS, UHS, NIPH, CDC-MoH, GDAHP-MAFF និងមន្ទីរពេទ្យរដ្ឋមួយចំនួន
* បោះពុម្ភផ្សាយឯកសារលទ្ធផលស្រាវជ្រាវវិទ្យាសាស្ត្រ
* ការស្រាវជ្រាវផ្នែកភាពស៊ាំរបស់បាក់តេរីជាមួយថ្នាំផ្សះ
* បង្កើតក្រុមការងារ Single Cell Analysis និង Sequencing
ផ្នែកអប់រំ និងអភិវឌ្ឍធនធានមនុស្ស
* បណ្តុះបណ្តាលបុគ្គលិកកម្ពុជា ឲ្យមានសមត្ថភាពដឹកនាំគំរោងស្រាវជ្រាវវិទ្យាសាស្ត្រ
* បណ្តុះបណ្តាលថ្នាក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់
* បណ្តុះបណ្តាលជំនាញបន្ថែមដល់បុគ្គលិក៕