(ឧត្តរមានជ័យ)៖ សម្ភារ បរិក្ខា ជាច្រើនមុខ ដែលជាអំណោយរបស់ក្រុមហ៊ុន សាន ហ៊ាង (កម្ពុជា) ត្រូវបាននាំយកទៅប្រគល់ជូនរដ្ឋបាលខេត្តឧត្តរមានជ័យ សម្រាប់ប្រើប្រាស់ជាប្រយោជន៍ ក្នុងការចូលរួមប្រយុទ្ធប្រឆាំង និងជំងឺកូវីដ១៩។

ពិធីប្រគល់ ទទួលបរិក្ខា សម្ភារទាំងអស់នេះស្ថិតក្រោមវត្តមាន លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដោយមានការរួមជាមួយថ្នាក់ដឹកនាំខេត្ត និងលោក ពៅ ធួន តំណាងក្រុមហ៊ុន សាន ហ៊ាង (កម្ពុជា) និងសហការី នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១នេះ។

លោក ប៉ែន កុសល្យ បានថ្លែងថា សម្ភារ បរិក្ខា ដែលក្រុមហ៊ុន សាន ហ៊ាង (កម្ពុជា) នាំមកប្រគល់ជូនរដ្ឋបាលខេត្តឧត្តរមានជ័យនៅពេលនេះ គឺមានសារសំខាន់ខ្លាំងណាស់ ពិសេសបានបង្ហាញឲ្យឃើញពីការចូលរួមចំណែក របស់ក្រុមហ៊ុន ជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាមួយអាជ្ញាធរខេត្តក្នុងការចូលរួមបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។

ឆ្លៀតក្នុងឱកាសនោះ លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ ក៏បានថ្លែងអំណរអរគុណ និងជូនពរដល់ លោកនាយកក្រុមហ៊ុន សាន ហ៊ាង (កម្ពុជា) និងសហការី ដែលបានឧបត្ថម្ភគាំទ្រដល់គណៈកម្មការប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ១៩ ចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះ ហើយក៏ជាការជួយចែករំលែកទុក្ខលំបាកនិងការខ្វះខាតរបស់បងប្អូនប្រជាពលករចំណាកស្រុក ក៏ដូចជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដែលកំពុងធ្វើចត្តាឡីស័កផងដែរ។

លោក ពៅ ធួន តំណាងក្រុមហ៊ុន សាន ហ៊ាង កម្ពុជា រួមទាំងសហការី បានថ្លែងនូវការគាំទ្រចំពោះសកម្មភាពរបស់អាជ្ញាធរខេត្ត ពិសេសលោកអភិបាលខេត្ត ដែលបានខិតខំទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ.១៩នៅក្នុងខេត្ត តាមរយៈការដាក់ចេញនូវវិធានការនានា ក្នុងរយៈពេលកន្លងមករហូតដល់បច្ចុប្បន្ននេះ គឺក្នុងទិសដៅមិនឲ្យជំងឺកូវីដ១៩ កើតមានឡើងនៅក្នុងខេត្ត។

សូមបញ្ជាក់ថា សម្ភារ បរិក្ខា ដែលយកមកប្រគល់ជូនរដ្ឋបាលខេត្តនៅពេលនេះរួមមាន៖ ម៉ាស៊ីនវាស់កំដៅនិងបាញ់អាកុលចំនួន ២៥គ្រឿងម៉ាស់ ចំនួន ៤៧៨ប្រអប់ អាល់កុល ចំនួន១២០ដប ជែលលាងដៃចំនួន ១១៧ដប ជែលធុងចំនួន២៩ធុង ទឹកសិទ្ធកម្ពុជា ២០០កេះ និងអង្ករចំនួន ៣តោនផងដែរ៕