(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង បានឱ្យដឹងថា មនុស្សវ័យចំណាស់អាយុចន្លោះពី ៩០ឆ្នាំ ដល់ ១០៣ឆ្នាំ សរុបជាង ៤០០នាក់ហើយ បានទៅចាក់វ៉ាក់សាំង ហើយមិនមានបញ្ហាសុខភាពនោះឡើយ។

ក្នុងនាមជាអ្នកជំនាញសុខភាពសាធារណៈ លោកស្រី ឱ វណ្ណឌីន បានលើកទឹកចិត្តឱ្យមនុស្សវ័យចំណាស់ទាំងអស់ទៅទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩ ព្រោះមនុស្សវ័យចំណាស់ គឺជាអ្នកដែលប្រឈមការវាយប្រហារខ្លាំងពីជំងឺកូវីដ១៩។

ការថ្លែងលើកទឹកចិត្តឱ្យមនុស្សចាស់ទៅចាក់វ៉ាក់សាំង បានធ្វើឡើងក្នុងពេលដែលលោកស្រី ឱ វណ្ណឌីន នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ទៅប្រគល់ជូនលោកយាយម្នាក់ មានអាយុ ១០១ឆ្នាំ ហើយបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងស៊ីណូវ៉ាក់របស់ចិន នាព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១នេះ។

លោកយាយ ហូ ខាំ ជាប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ។ លោកយាយជាមនុស្សវ័យចំណាស់ម្នាក់ ដែលបានជ្រូតជ្រាប និងយល់ពីគុណតម្លៃវ៉ាក់សាំង ហើយបានស្ម័គ្រចិត្តទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩។

បើតាមកូនប្រុសរបស់លោកយាយ បានគូសបញ្ជាក់ថា ការមកចាក់វ៉ាក់សាំងរបស់លោកយាយ គឺកើតចេញពីចិត្តខ្លួនឯង មិនមានការជំរុញណាមួយពីកូនៗនោះឡើយ។

លោកយាយ ហូ ខាំ បានចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ដូសទី១រួចរាល់ ហើយនៅព្រឹកថ្ងៃទី០២ ខែកក្កដា បានចាក់ដូសទី២ នៅចំពោះមុខកាមេរាអ្នកព័ត៌មានថែមទៀតផង។ បើតាមកូនប្រុសបានបញ្ជាក់ថា លោកយាយដែលចូលចិត្តបរិភោគតែផ្លែឈើ និងបន្លែនេះ គឺមានសុខភាពរឹងមាំល្អ ហើយក្រោយពេលចាក់វ៉ាក់សាំងនេះរួចរាល់ ក៏មិនមានបង្កបញ្ហាដល់សុខភាពរបស់គាត់ផងដែរ។

លោកស្រី ឱ វណ្ណឌីន បានចាត់ទុកការអញ្ជើញមកចាក់វ៉ាក់សាំងរបស់លោកយាយ ហូ ខាំ គឺជាគំរូមួយសម្រាប់មនុស្សចាស់ដទៃ ហើយក៏បានបញ្ជាក់ពីសុវត្ថិភាពវ៉ាក់សាំងសម្រាប់មនុស្សចាស់ផងដែរ។

«ការចាក់នៅពេលនេះសម្រាប់លោកយាយ គឺបានបង្ហាញឱ្យមតិសាធារណជនទាំងអស់ឃើញថា ការចាក់វ៉ាក់សាំងនេះ គឺជាសំខាន់ណាស់ទោះបីជាវ័យចាស់ទៅហើយក៏ពិតមែន អាយុ ១០១ឆ្នាំហើយក៏ពិតមែន ប៉ុន្តែវ៉ាក់សាំងនៅតែមានផលប្រយោជន៍សំខាន់ណាស់ការពារអាយុជីវិតរបស់មនុស្ស»។ នេះជាការបញ្ជាក់របស់លោកស្រី ឱ វណ្ណឌីន។

ក្នុងឱកាសនោះលោកស្រី ឱ វណ្ឌឌីន ក៏បានគូសបញ្ជាក់ដែរថា មនុស្សមានវ័យចំណាស់ គឺជាក្រុមមនុស្សដែលប្រឈមនឹងការវាយប្រហារខ្លាំងពីជំងឺកូវីដ១៩ ដែលទាមទារឱ្យមានការចាក់វ៉ាក់សាំង ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺនេះ។ លោកស្រី បានលើកទឹកចិត្តដល់មនុស្សវ័យចំណាស់ទាំងអស់ទៅទទួលវ៉ាក់សាំង។

លោកស្រី បានគូសបញ្ជាក់ដូច្នេះ «ក្រុមមនុស្សដែលប្រឈមខ្ពស់ ហើយមានហានិភ័យខ្ពស់ជាមួយការវាយលុកពីមេរោគកូវីដ១៩ គឺក្រុមមនុស្សចាស់ជរានេះឯង ក្រុមមានវ័យចំណាស់នេះឯង ហើយក្រុមចំនួនទៀត គឺក្រុមគាត់មានជំងឺប្រចាំកាយ។ អ៊ីចឹងសូមឱ្យបងប្អូនយើងយល់លើចំណុចនេះឱ្យច្បាស់ ប្រសិនបើបងប្អូន លោកតាលោកយាយ លោកមានវ័យចំណាស់ទៅហើយលើសពី៦០ឆ្នាំឡើងនេះ សូមមេត្តាមកទទួលនូវការចាក់វ៉ាក់សាំងនេះឱ្យបានគ្រប់ៗគ្នា ដើម្បីការពារអាយុជីវិតរបស់លោកតា លោកយាយ អ៊ំពូមីង បងប្អូនរបស់យើង»

លោកស្រីបន្តថា «សូមឱ្យក្រុមគ្រួសារត្រូវជួយពន្យល់ និងផ្តល់នូវទំនុកចិត្ត ការកក់ក្តៅសម្រាប់ពួកគាត់ ដើម្បីឱ្យគាត់មានការសម្រេចចិត្តដ៏ត្រឹមត្រូវនៅក្នុងការមកទទួលវ៉ាក់សាំងជំងឺកូវីដ១៩ ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លោកបានខិតខំស្វះស្វែង ដើម្បីទិញវ៉ាក់សាំងនេះយកមកចាក់ជូនប្រជាពលរដ្ឋយើង»

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី០១ ខែកក្កដា កម្ពុជា ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ និងជនបរទេសកំពុងរស់នៅ និងធ្វើការនៅកម្ពុជា បានជាង ៤លាន ៣សែននាក់ហើយ ស្មើនឹងជាង ៤៣ភាគរយ នៃចំនួនប្រជាពលរដ្ឋដែលត្រូវចាក់វ៉ាក់សាំងប្រមាណ ១០លាននាក់។

លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា ការចាក់វ៉ាក់សាំងនេះ អាចនឹងបញ្ចប់ជាស្ថាពរតាមការគ្រោងទុកនៅក្នុងកំលុងខែវិច្ឆិកា ឆ្នាំ២០២១។

ប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងរួចរាល់ជាង ៤លាន ៣សែននាក់ មិនមានព័ត៌មានបង្កទុក្ខទោសដល់សុខភាពដោយសារវ៉ាក់សាំងនេះឡើយ។ បច្ចុប្បន្នប្រជាពលរដ្ឋខ្មែរ ក៏បានជ្រូតជ្រាប និងយល់ដឹងកាន់តែច្រើនពីគុណប្រយោជន៍វ៉ាក់សាំង ហើយការទៅទទួលវ៉ាក់សាំង ក៏ជាបំណងប្រាថ្នាដ៏មុតមាំមួយរបស់ពួកគេផងដែរ៕