(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកការិយាល័យប្រចាំតំបន់អាស៊ីនៃអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) នាព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារបន្តយុទ្ធនាការ « VOW» ដែលជាយុទ្ធនាការ និងសកម្មភាពតស៊ូមតិជាច្រើន នៅក្នុងបណ្តាប្រទេសក្នុងតំបន់អាស៊ី អាហ្វ្រិក អឺរ៉ុប អាមេរិកឡាទីន និងអាមេរិក ដើម្បីទារឲ្យមានការបង្កើនកិច្ចសហប្រតិបត្តិការជាអន្តរជាតិ បង្កើនការផលិតវ៉ាក់សាំង និងការចែកចាយជាបន្ទាន់ឱ្យប្រជាពលរដ្ឋ ឱ្យបានទូទាំងពិភពលោក ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។

លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ បានលើកឡើងថា អាល្លឺម៉ង់ អូស្ត្រាលី ជប៉ុន និងសហរដ្ឋអាមេរិក សូមមានការសម្រេចចិត្តមួយដែលត្រឹមត្រូវជាមួយប្រវត្តិសាស្ត្រ នៅពេលដែលបណ្តាប្រទេសនៅអាស៊ី និងនៅទូទាំងពិភពលោក បន្តទទួលរងនូវការបំផ្លិចបំផ្លាញដោយសារវិបត្តិសេដ្ឋកិច្ចសុខភាពសាធារណៈ ដ៏អាក្រក់បំផុត នៅលើពិភពលោក ដោយសារការរាតត្បាតដោយមេរោគកូវីដ-១៩។

អង្កការមូលនិធិថែទាំសុខភាពអេដស៍ទូទាំងសកលលោក សូមអំពាវនាវជំរុញឱ្យប្រទេសទាំងនេះ ពិចារណាឲ្យបានមត់ចត់ ដោយគិតពីជីវិត ជាជាងរកប្រាក់ចំណេញ និងផ្តល់សិទ្ធិឱ្យពិភពលោកទទួលបានកម្មសិទ្ធិបញ្ញា (IP) និងបច្ចេកវិទ្យាសម្រាប់វ៉ាក់សាំងកូវីដ-១៩ តាមរយៈការគាំទ្រ ការលើកលែងប៉ាតង់ ដែលកំពុងត្រូវបានពិភាក្សានៅអង្គការពាណិជ្ជកម្មពិភពលោក។

លោកវេជ្ជបណ្ឌិត បានបន្តថា លោកប្រធានាធិបតី Biden បានធ្វើជាគំរូសម្រាប់ប្រជាជាតិនានាដោយគាំទ្រសំណើ ដើម្បីលើកលែងការទទួលបានប៉ាតង់ លើវ៉ាក់សាំង ការពារកូវីដ-១៩ និងដើរតួនាទី យ៉ាងសំខាន់ ក្នុងការជម្រុញឱ្យក្រុម G7 ប្រកាសផ្តល់អំណោយវ៉ាក់សាំងចំនួន ១ពាន់លានដូសដល់ប្រទេសដែលមានប្រាក់ចំណូលទាប។

លោកនាយកការិយាល័យប្រចាំតំបន់អាស៊ីរូបនេះ បានបន្តថា ទោះយ៉ាងណាក៏ដោយពិភពលោក មិនអាចត្រូវបានបង្កើតដោយពាក្យតែម្នាក់ឯងទេ ឥឡូវនេះគឺជាពេល វេលា សម្រាប់សកម្មភាពបន្ទាន់។ ប្រសិនបើសហរដ្ឋអាមេរិក ចង់ក្លាយជាមេដឹកនាំពិភពលោក ក្នុងការប្រយុទ្ធប្រឆាំងនឹងការាតត្បាត នៃជំងឺកូវីដ១៩ សូមធ្វើតាមការ សន្យារបស់ខ្លួនក្នុងការផ្តល់វ៉ាក់សាំងចំនួន ៥០០លានដូស។ AHF សូមជំរុញឱ្យលោកប្រធានាធិបតី Biden ចាប់ផ្តើមចែកចាយថ្នាំបង្ការ ទៅប្រទេស ដែលមានតម្រូវការខ្ពស់បំផុត ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) ជាអង្គការប្រយុទ្ធនឹងជំងឺអេដស៍ធំជាងគេបំផុតនៅលើពិភពលោក ដោយបច្ចុប្បន្ន អង្គការកំពុងផ្តល់ការថែទាំ បែបវេជ្ជសាស្ត្រ និងសេវាកម្មដល់មនុស្សជាង ១លាន ៥សែននាក់ នៅក្នុង ៤៥ប្រទេសទូទាំងពិភពលោក ដូចជានៅសហរដ្ឋអាមេរិក អាហ្រ្វិក អាមេរិកឡាទីន ការ៉ាបៀន តំបន់អាស៊ីប៉ាស៊ីហ្វិក និងអឺរ៉ុបខាងកើត៕