(ភ្នំពេញ)៖ លោក វ៉ាង វិនធាន (Wang Wentian) អគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានលើកឡើងថា ទោះបីជាប្រទេសចិនមានតម្រូវវ៉ាក់សាំងដ៏សន្ធឹកសន្ធាប់ ក្នុងប្រទេសខ្លួនរហូតដល់ជាង១៤០០លាននាក់ក៏ដោយ ក៏នៅតែចាត់ទុកប្រទេសកម្ពុជាជាទិសដៅអាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការវ៉ាក់សាំង និង បានប្រគល់វ៉ាក់សាំងយ៉ាងច្រើនជូនដល់ភាគីកម្ពុជា ដែលស្មើនឹង៩៥%នៃចំនួនវ៉ាក់សាំងកូវីដសរុបដែលកម្ពុជាទទួលបាន។
តាមរយៈលិខិតមិត្តអ្នកអានផ្ញើមកកាន់ Fresh News ក្នុងប្រធានបទ៖ ចងចាំប្រវត្តិសាស្រ្តដ៏ត្រចះត្រចង់១០០ឆ្នាំ៖ «ការបើកទំព័រថ្មីសម្រាប់ចំណងមិត្តភាពចិន និងកម្ពុជា» លោក វ៉ាង វិនធាន បានរំលឹកឡើងវិញអំពីភក្តីភាពរបស់កម្ពុជា គ្រាដែលប្រទេសចិនជួបនូវការលំបាក នៃការចាប់ផ្តើមផ្ទុះការរីករាលដាលជំងឺកូវីដ១៩។
លោកលើកឡើងថា ចិនមិនអាចបំភ្លេចបានឡើយថា «នាគ្រាដំបូងនៃការផ្ទុះឡើងនូវជំងឺវីរុសកូវីដ-១៩កាលពីឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជាបានប្រកាស មិនបិទជើងហោះហើរជាមួយចិន មិនរើសអើងប្រជាជនចិន និងមិនជម្លៀសអ្នកការទូត និងនិស្សិតខ្មែរចេញពីចិនទេ។ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ព្រះអង្គទាំងទ្វេបានសព្វព្រះរាជហឬទ័យប្រោសព្រះរាជទានជំនួយដ៏ថ្លៃថ្លាដល់ភាគីចិន ហើយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិនជាបន្ទាន់ ក្នុងដំណើរបញ្ច្រាស»។
លោកបានបន្ថែមថា៖ «បន្ទាប់ពីកម្ពុជាមានការផ្ទុះឡើងនូវជំងឺវីរុសកូវីដ-១៩ រដ្ឋាភិបាលនិងយោធាចិនបានចាត់បញ្ជូនក្រុមគ្រូពេទ្យមកកាន់ប្រទេសកម្ពុជាមុនគេបង្អស់ បានផ្តល់សម្ភារៈទប់ស្កាត់នឹងជំងឺវីរុសតាមគ្រប់មធ្យោបាយជាច្រើន។ ទោះបីជាប្រទេសចិនមានតម្រូវវ៉ាក់សាំងដ៏សន្ធឹកសន្ធាប់ក្នុងប្រទេសខ្លួនក៏ដោយ ក៏នៅតែចាត់ទុកប្រទេសកម្ពុជាជាទិសដៅអាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការវ៉ាក់សាំង និង បានប្រគល់វ៉ាក់សាំងយ៉ាងច្រើនជូនដល់ភាគីកម្ពុជា ដែលស្មើនឹង៩៥%នៃចំនួនវ៉ាក់សាំងកូវីដសរុបដែលកម្ពុជាទទួលបាន»។
បើតាម លោកអគ្គរដ្ឋទូត, ស្ថិតក្រោមលក្ខខណ្ឌនៃជំងឺវីរុសកូវីដ ពាណិជ្ជកម្មចិននិងកម្ពុជាក្នុងឆ្នាំ២០២០បន្តកើនឡើង ទោះបីជាជួបនឹងឧបសគ្គជំងឺវីរុសក៏ដោយ ដែលមានចំនួនទឹកប្រាក់សរុបជាង៩.៥៦ពាន់លានដុល្លារអាមេរិក។ គម្រោងសំខាន់ៗនៃខ្សែក្រវាត់និងផ្លូវត្រូវបានជំរុញយ៉ាងរលូនមានដូចជា គម្រោងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ គម្រោងផ្គត់ផ្គង់ទឹកស្អាតនៅទីជនបទ និងគម្រោងពហុកីឡាដ្ឋានជាតិមរតកតេជោជាដើម។
លោកអះអាងថា កាលពីខែតុលា ឆ្នាំ២០២០ ចិននិងកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាប្រវត្តិសាស្ត្រ ហើយផលិតផលដែលមានគុណភាពខ្ពស់របស់កម្ពុជាត្រូវបានអនុញ្ញាតនាំចេញទៅកាន់ទីផ្សារប្រទេសចិន និងមានវត្តមានលើតុអាហាររបស់ប្រជាជនចិន មានដូចជាផ្លែចេក ស្វាយ និងជលផលជាដើម។
កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ វ៉ាក់សាំងការពារជំងឺកូវីដ១៩ របស់ចិនចំនួន ១លានដូសទៀត ត្រូវបានដឹកពីប្រទេសចិន មកដល់ប្រទេសកម្ពុជា។ គិតត្រឹមថ្ងៃទី២៦ ខែមិថុនា កម្ពុជាទទួលបានវ៉ាក់សាំងទាំងជំនួយ និងការបញ្ជាទិញសរុបប្រមាណ១០លានដូសរួចរាល់ហើយ។
លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា កម្ពុជា នឹងទទួលបានវ៉ាក់សាំងគ្រប់ ២០លានដូសនៅត្រឹមខែសីហា ឆ្នាំ២០២១នេះ។ ក្នុងនោះខែកក្កដា និងខែសីហា វ៉ាក់សាំងសរុប ៩លានដូសទៀតមកដល់ប្រទេសកម្ពុជាជាបន្តបន្ទាប់៕