(ភ្នំពេញ)៖ ក្រុមនិសិ្សតនៃដេប៉ាតឺម៉ង់ទេសចរណ៍ (DOT) និងដេប៉ាតឺម៉ង់គ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ (DIBM) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) បានរួមគ្នា បង្កើតទិវាវប្បធម៌ ដែលនឹងប្រារព្ធឡើងនៅថ្ងៃអាទិត្យ ទី២០ ខែមីនាស្អែកនេះ ក្នុងខ្លឹមសារថា «វប្បធម៌ និងជីវភាពរស់នៅ»។
គោលដៅចម្បងនៃការរៀបចំកម្មវិធីនេះឡើងគឺ៖
១. ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងខិតចូលមកដល់នាពេលខាងមុខនេះ។
២. ការបង្កើតកម្មវិធីនេះក៏ជាផ្នែកមួយនៃការលើកកម្ពស់វប្បធម៌ជាតិ និងបណ្តុះស្មារតីឲ្យនិសិ្សតព្រមទាំងប្រជាជន អាចដឹងពីគុណតម្លៃនៃវប្បធម៌ខ្មែរផងដែរ។
៣. ដើម្បីបង្កើនបរិយាកាសសប្បាយរីករាយដល់សាស្រ្តាចារ្យ លោកគ្រូអ្នកគ្រូ សិស្ស និស្សិត និងសាធារណជនទាំងអស់ តាមរយៈការផ្តល់ឱកាសឲ្យពួកគាត់បានចូលរួមលេងកំសាន្ត និងបញ្ចេញសមត្ថភាពជាមួយកម្មវិធីកំសាន្តនានា ដែលទាក់ទងទៅនឹងវប្បធម៌។
៤. ផ្តល់នូវឱកាសដល់និស្សិតក្នុងការអនុវត្តនូវមុខវិជ្ជា និងជំនាញដែលបានសិក្សាកន្លងមក ជាមួយលោកគ្រូ និងអ្នកគ្រូ ហើយជាពិសេសជួយក្នុងការជម្រុញ គាំទ្រ ចែករំលែកនូវចំណេះដឹង និងបទពិសោធន៍រវាងគ្នា និងគ្នាផងដែរ។
៥. ដើម្បីរឹតចំណងសាមគ្គីភាព មិត្តភាព រវាងលោកគ្រូអ្នកគ្រូ និងសិស្ស និស្សិតគ្រប់ជំនាន់។
កម្មវិធី ទិវាវប្បធម៌ មានការកំសាន្តសប្បាយប្លែកៗជាច្រើនដែលត្រូវបានរចនាឡើង នៅក្នុងព្រឹត្តិកាណ៍នាឆ្នាំ២០១៦ នេះដោយកម្មវិធីទាំងអស់គឺមានទម្រង់ទាក់ទងទៅនឹងវប្បធម៌ជាតិយើង ដែលរួមមាន ការប្រកួតម្ហូបអាហារ និងបង្អែមខ្មែរ (Food Contest & Desert Contest) ការប្រកួតនារីស្រស់ បុរសសង្ហា ក្នុងសម្លៀកបំពាក់បុរាណ ឬបែបខ្មែរ (Mr. Miss Culture Day) ការប្រកួតទេពកោសល្យសមត្ថភាព (Talent Show) ការសម្តែងរឿងកំប្លែងខ្លី ក្នុងន័យអប់រំ ទស្សនីយភាពរបាំប្រពៃណី របាំព្រះរាជទ្រព្យ ការស្លៀកសំលៀកបំពាក់តាមពណ៌នៃថ្ងៃនីមួយៗ ការរាំលេងកំសាន្ត និងការប្រកួតល្បែងប្រជាប្រិយខ្មែរផ្សេងៗ។
រាល់កម្មវិធីទាំងអស់ដែលបានរៀបរាប់នៅខាងលើ សុទ្ធសឹងតែមានការចូលរួមដោយស្ម័គ្រចិត្តពីនិសិ្សតនៃដេប៉ាតឺម៉ង់ទាំងពីរ។ បច្ចុប្បន្នក្រុមការងាររៀបចំព្រឹត្តិការណ៍ទិវាវប្បធម៌ បានទទួលនូវការចុះឈ្មោះនិសិ្សត ដែលមានបំណងចង់បង្ហាញសមត្ថភាពក្នុងកម្មវិធីផេ្សងៗដូចជា ការរាំរបាំប្រពៃណី កម្មវិធីប្រកួតនារីស្រស់បុរសសង្ហា កម្មវិធីប្រកួតសមត្ថភាព និងការសម្តែងរឿងកំប្លែងបែបអប់រំជាដើម។
បន្ទាប់ពីបញ្ចប់ការចុះឈ្មោះ និងជ្រើសរើសរកនិស្សិតដែលមានសមត្ថភាពរួចរាល់ ការហាត់សមត្រៀមសម្តែងផេ្សងៗនិងធ្វើឡើង។ ការហាត់សម និងបានចាប់ផ្តើមតាំងពីដើមខែកុម្ភៈ រហូតដល់ថ្ងៃសម្ដែងតែម្តង។ ក្រៅពីការងារខាងលើ ក្រុមការងារពួកយើងក៏បានធ្វើការងារផ្សេងមួយចំនួនទៀតដូចជា ការងាររៀបចំបច្ចេកទេសឆាក ការងាររៀបចំកែលម្អទីតាំងប្រារព្ធពិធីឲ្យមានភាពទាក់ទាញ ការងាររៀបចំសុវត្ថិភាព ការងារផ្សព្វផ្សាយពីកម្មវិធីឲ្យបានទូលំទូលាយ និងការស្វែងរកដៃគូសហការក្នុងឧបត្ថម្ភកម្មវិធីទាំងមូល។
ដោយសារកម្មវិធីទិវាវប្បធម៌បង្កើតឡើងដោយក្រុមនិសិ្សតស្ម័គ្រចិត្ត ការខ្វះខាតផ្នែកថវិកា និងសម្ភារ តែងតែកើតមាន ដូចនេះការស្វែងរកដៃគូសហការ ក្នុងការឧបត្ថម្ភទ្រងទ្រង់កម្មវិធីគឺជារឿងចាំបាច់មួយ។
ព្រឹត្តិការណ៍ទិវាវប្បធម៌ ក៏បានផ្តល់នូវអត្ថប្រយោជន៍មួយចំនួនដល់អ្នកចូលរួមផងដែរ ដែលរួមមានការកាន់តែដឹងច្បាស់នូវរបាំរបស់ខ្មែរ ក៏ដូចជាម្ហូប ឬបង្អែមរបស់ខ្មែរ តាមរយៈការធ្វើបទបង្ហាញរបស់ក្រុមនិស្សិតនៃដេប៉ាដឺម៉ង់ទាំងពីរ ផ្តល់នូវការចូលរួមក្នុងការដាក់ពិន្ទុសម្រាប់ការប្រឡងនីមួយៗរបស់និស្សិត។
គួរបញ្ជាក់ថា ទិវាវប្បធម៌នេះធ្លាប់ត្រូវបានប្រារព្ធឡើងជាលើកដំបូងនៅក្នុងឆ្នាំ២០០៦ ដោយគិតមកដល់ឥឡូវ គឺមានចំនួន៥ដងរួចមកហើយ ក្រោមខ្លឹមសារខុសៗគ្នា៕