(ត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១នេះ លោក ហាក់ សុខមករា សមាជិកយុវជនគណបក្សថ្នាក់កណ្ដាល និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តត្បូងឃ្មុំ បានអញ្ជើញប្រកាសកែសម្រួលក្រុមការងារយុជនក្នុងរចនាសម្ព័ន្ធ ស្រុកត្បូងឃ្មុំ, យុវជនឃុំ និងសកម្មជនយុវជនភូមិ នៃខេត្តត្បូងឃ្មុំ។

ក្នុងពិធីនេះ ក៏មានការចូលរួមពី លោក ម៉ែន សុភក្តិ ប្រធានក្រុមជនបង្គោលស្រុក អនុប្រធានក្រុមការងារយុវជនគណបក្សខេត្ត លោក លោកស្រី សមាជិកក្រុមអចិន្រ្តៃយ៍ក្រុមការងារយុវជនគណបក្សខេត្ត លោកប្រធាន អនុប្រធានគណៈកម្មាធិការគណបក្សស្រុក លោក លោកស្រី សមាជិក សមាជិការ ក្រុមការងារយុវជនគណបក្សស្រុក ប្រធានក្រុមការងារយុវជនគណបក្ស ឃុំ ប្រធានសកម្មជនយុវជនភូមិ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកត្បូងឃ្មុំ។

ការរៀបចំពិធីនេះ ត្រូវបានធ្វើឡើងដោយអនុវត្តយ៉ាងខ្ជាប់ខ្ជួន នូវវិធានសុខាភិបាល រក្សាបាននូវខ្យល់អាកាសចេញចូល ដើម្បីជៀសវាងការឆ្លងជំងឺកូវីដផងដែរ។

ថ្លែងក្នុងពិធីនេះ លោក ហាក់ សុខមករា បានផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះជួយខេត្តត្បូងឃ្មុំ និងការផ្តាំផ្ញើសាកសួរសុខទុក្ខរបស់លោក ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សថ្នាក់កណ្ដាល និងជាអនុប្រធានក្រុមការងារគណបក្ស ចុះជួយខេត្តត្បូងឃ្មុំ ទទួលបន្ទុកការងារយុវជន។

លោកក៏បានលើកឡើងអំពីគោលការណ៍ ក្នុងការកសាងបក្ស ការពង្រឹងសតិអារម្មណ៍យុវជនគណបក្ស និងបានផ្ដោតជាសំខាន់ទៅលើផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខ ដើម្បីធានាបាននូវប្រៀបឈ្នះរបស់ គណបក្សប្រជាជនកម្ពុជា៕