(ម៉ូស្គូ)៖ ប្រអប់ខ្មៅនៃយន្តហោះប្រភេទ Boeing 737-800 ដែលដឹកអ្នកដំណើរពីក្រុងឌូបៃ នៃប្រទេសអារ៉ាប់ បានជួបបញ្ហាបច្ចេកទេសពេលកំពុងចុះចតនៅឯអាកាសយានដ្ឋានអន្តរជាតិ Rostov ភាគខាងត្បូង ប្រទេសរុស្ស៊ីនោះ ត្រូវបានរកឃើញហើយ និងបញ្ជូនឲ្យក្រុមជំនាញដើម្បីស្រង់យកទិន្នន័យ។ នេះបើតាមការផ្សាយពីទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅថ្ងៃសៅរ៍ ទី១៩ ខែមីនា ឆ្នាំ២០១៦។
ក្រៅពីការរកឃើញប្រអប់ខ្មៅនេះ អាជ្ញាធររុស្ស៊ីនៅបានបញ្ជាក់ទៀតថា មនុស្សជិះនៅលើនោះទាំងអស់មាន ចំនួនពិតប្រាកដ ៦២នាក់ ដែលបានបាត់បង់ជីវិតអស់ហើយ (ក្នុងនោះ ៥៥នាក់ជាអ្នកដំណើរ)។ យន្តហោះ ខាងលើនេះ បានព្យាយាមចុះចតពេលអាកាសធាតុអាក្រក់ (មានភ្លៀងធ្លាក់ខ្លាំង) នាពេលទាបភ្លឺថ្ងៃសៅរ៍នេះ ដោយកន្ទុយរបស់វាទំនងជាបានទង្គិចខ្លាំងនឹងផ្លូវព្រលាន ទើបបានធ្វើឲ្យយន្តហោះរេចេញពីផ្លូវតែម្តង។
របាយការណ៍បឋមបានឲ្យដឹងថា នៅលើយន្តហោះនោះមានស្ត្រីចំនួន ៣៣នាក់ និងបុរស ១៨នាក់ ព្រមទាំងកូនក្មេង បួននាក់។ ជនរងគ្រោះភាគច្រើនគឺជាជនជាតិរុស្ស៊ី ដោយឡែកជនរងគ្រោះផ្សេងទៀតជាជនជាតិ អ៊ុយក្រែន ឥណ្ឌា និង អ៊ូបេគីស្ថាន៕