(រតនគិរី)៖ ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តរតនគិរី បន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ថ្មី ក្រោយព្រឹត្តិការណ៍ថ្ងៃ១៨-១៩ ខែមិថុនា ឆ្នាំ២០២១ ករណីឆ្លងសហគមន៍ក្នុងខេត្តរតនគិរី មានការកើនឡើងជាបន្តបន្ទាប់ និងបានបិទខ្ទប់នៅក្នុងសង្កាត់ធំៗមួយចំនួន និងផ្សារបានលុង ខណៈមានករណីអ្នកជំងឺចំនួន៤នាក់ បានស្លាប់។

បច្ចុប្បន្នក្រុមការងារឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលខេត្តរតនគិរី កំពុងបន្តខិតខំស្វែងរកអ្នកវិជ្ជមានជំងឺកូវីដ១៩ ថ្មីដែលបានឆ្លងរាតត្បាតក្នុងសហគមន៍ក្តី និងករណីនាំចូលក្តី រហូតមកដល់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ ចំនួនតួលេខមានការកើនឡើងដល់ ៥០៤នាក់ ក្នុងចំណោមសំណាក ១៥,៣៨៣នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ២៧នាក់ អ្នកស្លាប់កើនដល់ ៤នាក់ហើយ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តដាក់ចេញនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ ម្សិលមិញ។

រដ្ឋបាលខេត្តក៏បានប្រើវិធានការទប់ស្កាត់ការរីករាលដាលដោយបង្កើតទីតាំងលក់ដូរបន្លែត្រីសាច់នៅទីតាំងថ្មីក្រោមការត្រួតពិនិត្យវិធានការសុវត្ថិភាព និងបើកយុទ្ធនាការ បាញ់ថ្នាំសម្លាប់មេរោគតាមតំបន់សំខាន់មួយចំនួន ហើយក៏បន្តអំពាវនាវដល់ពលរដ្ឋបន្តអនុវត្ត វិធានការ «៣ការពារ និង៣កុំ» ព្រមទាំងចូលមកពិនិត្យសំណាកភ្លាមៗ ករណីប៉ះពាល់ផ្ទាល់ ឬប្រយោល ឬក៏មានអាការៈមិនស្រួលខ្លួនជាដើមក្តី៕