(ភ្នំពេញ)៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បានបញ្ជាក់ថា ទោះបីស្ថិតនៅក្នុងស្ថានភាពវិបត្តិជំងឺកូវីដ១៩ យ៉ាងណាក្តី បានធ្វើឱ្យទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម នៅតែបន្តកើនឡើងខ្ពស់ នៅដើមឆ្នាំ២០២១នេះ។
ការបញ្ជាក់បែបនេះ របស់សម្តេច ហេង សំរិន បានធ្វើឡើងក្នុងឱកាសដែល សម្តេចបានអនុញ្ញាតឱ្យ លោក វូ ក្វាង មិញ (Vu Quang Minh) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលនឹងត្រូវចប់អាណត្តិក្នុងពេលឆាប់ៗនេះ ជួបសម្តែងការគួរសម និងជម្រាបលា តាមប្រព័ន្ធវីដេអូអនឡាញ នាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១នេះ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង ក្នុងអាណត្តិបេសកកម្មការទូតរបស់លោកនៅកម្ពុជា ពិតជាបាននំាមកនូវសមិទ្ធផលយ៉ាងច្រើនឥតគណនា ក្នុងការរួមចំណែកយ៉ាងសកម្ម សំដៅលើកកម្ពស់ទំនាក់ទំនង ចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យរវាងបក្ស រដ្ឋ រដ្ឋាភិបាល និងប្រជាជនយើងទាំងពីរ កម្ពុជា-វៀតណាម ឱ្យកាន់តែរឹងថែមទៀត។
សម្តេចបានកត់សម្គាល់ថា «នៅរយៈពេលជាង៣ឆ្នាំ នៃបេសកកម្មរបស់ ឯកឧត្តម វូ ក្វាង មិញ បានរួមចំណែកលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកម្ពុជាយ៉ាងច្រើន និងបានបន្តពូនជ្រុំ ទំនាក់ទំនង ចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេសទាំងពីរ។ ទោះបីស្ថិតនៅក្នុងស្ថានភាពវិបត្តិជំងឺកូវីដ១៩ យ៉ាងណាក្តី បានធ្វើឱ្យទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ នៅតែបន្តកើនឡើងខ្ពស់ នៅដើមឆ្នាំ២០២១នេះ»។
ជាមួយគ្នានេះដែរ សម្តេចប្រធានរដ្ឋសភា បានសម្តែងនូវមោទនភាពយ៉ាងក្រៃលែងដែលចំណងមិត្តភាព កិច្ចសហប្រតិបត្តិការទំាងស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងទំនាក់ទំនងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ មានការរីកចម្រើនជាលំដាប់ពីមួយថ្ងៃទីមួយ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន មានជំនឿយ៉ាងមាំថា ទោះបីលោកបានបញ្ចប់អាណត្តិការទូតនៅកម្ពុជា ក៏នៅតែបន្តរួមចំណែក ថែរក្សា ពង្រឹងពង្រីកចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងជាអ្នកជិតខាងល្អ របស់ប្រទេសទាំងពីរ ប្រជាជនទាំងពីរជានិច្ចតទៅ។ ជាការកត់សម្គាល់នៅឆ្នាំ២០២២ ខាងមុខនេះ ចំណងមិត្តភាពកម្ពុជា និងវៀតណាម ឈានដល់ខួប៥៥ឆ្នាំ។
បើតាម លោក វូ ក្វាង មិញ បានសូមអភ័យទោសសម្តេចប្រធានរដ្ឋសភា ដែលមិនបានចូលជួបសម្តែងការគួរសម និងជម្រាបលា សម្តេចដោយផ្ទាល់នៅក្នុងឱកាសត្រូវបញ្ចប់អាណត្តិការទូតនេះ ដោយសារការរាតត្បាតជំងឺកូវីដ១៩។
លោកបានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូន សម្តេចប្រធានរដ្ឋសភា ដែលបានគាំទ្រ និងណែនាំចំពោះលោកជាប្រចាំរហូតមក នៅក្នុងការបំពេញបេសកកម្មការទូតរយៈពេល៣ឆ្នាំនេះ ក្នុងការបម្រើដល់ផលប្រយោជន៍ និងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ ឱ្យទទួលបានជោគជ័យយ៉ាងធំធេង។
លោកឯកអគ្គរដ្ឋទូតបានអបអរសាទរយ៉ាងខ្លាំងក្លានូវលទ្ធផលយ៉ាងធំធេងកើតចេញពីជំនួបទ្វេភាគី រវាងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងលោក វឿង ឌិញហ្វេ ប្រធានរដ្ឋសភាវៀតណាម កាលពេលថ្មីៗនេះ ដែលនាំមកនូវកិច្ចសហប្រតិបត្តិការកាន់តែគ្រប់ជ្រុងជ្រោយដល់ប្រទេសទាំងពីរ ជាពិសេសស្ថាប័នរដ្ឋសភានៃប្រទេសទំាងពីរបន្ថែមទៀត៕