(សៀមរាប)៖ ស្ថានទូតអូស្រ្ដាលី ប្រចាំកម្ពុជា តាមរយៈគម្រោងកម្មវិធី ACCESS ក្រោមកិច្ចសហការជាមួយក្រសួងកិច្ចការនារី បានផ្តល់សម្ភារបរិក្ខាសុខាភិបាល មួយចំនួនដល់រដ្ឋបាលខេត្តសៀមរាប ក្នុងបំណងរួមចំណែកបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ ក្នុងសហគមន៍។ អំណោយដែលបានផ្តល់ជូននៅពេលនោះ មានអាល់កុលចំនួន១០កេស ស្មើនឹង៩៩៩ដប ត្រូវបានមន្ទីរកិច្ចការនារីខេត្តសៀមរាប ផ្តល់ជូនថ្នាក់ដឹកនាំខេត្ត នៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១នេះ។

ក្នុងឱកាសនោះ លោក ពិន ប្រាកដ អភិបាលរងខេត្ត បានថ្លែងអំណរគុណដល់ទឹកចិត្តដ៏សប្បុរសធម៌របស់ស្ថានទូតអូស្ត្រាលី ប្រចាំនៅកម្ពុជា ក៏ដូចក្រសួងកិច្ចការនារី ដែលបានផ្តល់ជូននូវសម្ភារៈបម្រើការក្នុងការប្រយុទ្ធប្រឆាំងបង្ការ ទប់ស្កាត់ជំងឺកូវីដ១៩ ដល់រដ្ឋបាលខេត្តសៀមរាប។

លោកបន្ថែមថា ក្នុងករណីដែលកម្ពុជាបានកំពុងជួបនូវវិបត្តិជំងឺកូវីដ១៩នេះ អាជ្ញាធរខេត្តបានផ្តល់នូវសម្ភារៈ ឧបករណ៍ ប្រើប្រាស់ជូនទៅតាមបណ្តាក្រុង ស្រុក រួមទាំងគ្រឿងឧបភោគបរិភោគ ក្នុងការផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋដែលបានវិលមកពីក្រៅប្រទេស និងរាជធានី-ខេត្ត ដែលជួបនូវហានិភ័យខ្ពស់ នៃជំងឺកូវីដ ដែលកំពុងធ្វើចត្តាឡីស័កនៅតាមមណ្ឌល ក្រុង ស្រុក ។

លោកអភិបាលរងខេត្ត បានបន្តថា ក្រោមការគិតគូរទុកជាមុនថា បង្កើនសមត្ថភាពកាត់ផ្តាច់ខ្សែចម្លង វាប្រសើរជាងការប្រមូលកម្លាំងទៅទប់ទល់ ក្នុងពេល និងក្រោយពេលមានការផ្ទុះជំងឺក្នុងសហគមន៍។ ទោះជាយ៉ាងណា លោក ពិន ប្រាកដ បានអំពាវនាវឲ្យប្រជាពលរដ្ឋ បន្តការប្រុងប្រយ័ត្ន និងអនុវត្តវិធានការសុខាភិបាលឲ្យបានត្រឹមត្រូវ គឺ៣កុំ ៣ការពារ និង២ចូលរួម ឲ្យមានប្រសិទ្ធភាពខ្ពស់បំផុត។

សូមបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មកដល់ពេលនេះ ខេត្តសៀមរាប បានរកឃើញអ្នកមានជំងឺកូវីដ-១៩ សរុបចំនួន១,២៦៩នាក់ ព្យាបាលជាសះស្បើយចំនួន៤៨៣នាក់, ស្លាប់១៣នាក់ និងកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តចំនួន៧៧៣នាក់៕