(ភ្នំពេញ)៖ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានផ្ញើសារលិខិតមួយច្បាប់ជូនទៅ លោកប្រធានាធិបតីចិន Xi Jinping អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ដើម្បីចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី ១០០ នៃថ្ងៃបង្កើតគណបក្សកុម្មុយនិស្តចិន។

ក្នុងសារលិខិតដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១នេះ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ទ្រង់មានបន្ទូលយ៉ាងដូច្នេះថា៖ «ខ្ញុំក្នុងនាមថ្នាក់ដឹកនាំ និងសមាជិក-សមាជិកា នៃគណបក្សហ៊្វុនស៊ិនប៉ិច មានកិត្តិយស និងហឫទ័យសោមនស្សរីករាយ សូមចូលរួមអបអរសាទរដ៏ស្មោះស្ម័គ្រ និងក្លៀវក្លាជាមួយថ្នាក់ដឹកនាំ និងសមាជិក-សមាជិកា នៃបក្សកុម្មុយនីស្តចិន ក្នុងឱកាសខួបលើកទី១០០ឆ្នាំ នៃការបង្កើតបក្សកុម្មុយនីស្តចិន ប្រកបដោយក្តីមោទនភាពដ៏ខ្ពង់ខ្ពស់បំផុត នៃប្រជាជនចិនដ៏រុងរឿងទាំងអស់ នាថ្ងៃទី០១ ខែកក្កដា ឆ្នាំ១៩២១-២០២១»។

ឆ្លៀតឱកាសដ៏ឧត្តុង្គឧត្តមនេះ ក្នុងនាមព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច សម្តេចក្រុមព្រះ សូមសម្តែងនូវសេចក្តីគោរពកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងដឹកនាំរបស់ លោកប្រធានាធិបតី និងថ្នាក់ដឹកនាំចិនគ្រប់ជំនាន់ ដែលបានទទួលបាននូវការគោរពស្រឡាញ់យ៉ាងស្មោះស្ម័គ្រពីគណបក្សកុម្មុយនីស្តចិន និងប្រជាជនចិន ដែលក្នុងរយៈពេល ១០០ឆ្នាំកន្លងទៅនេះ បាននាំមកនូវការអភិវឌ្ឍជាប្រវត្តិសាស្ត្រក្នុងពិភពលោក ជាពិសេស ក្រោយពីឈានចូលក្នុងសម័យថ្មីរៀងមក គណបក្សកុម្មុយនីស្តចិនបានប្រកាន់ខ្ជាប់ និងកែលម្អរបបសង្គមនិយម ដែលមានលក្ខណៈពិសេស និងជំរុញទំនើបកម្មប្រព័ន្ធនិងសមត្ថភាពអភិបាលកិច្ចជាដើម។

ជាមួយគ្នានេះផងដែរ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានវាយតម្លៃខ្ពស់ ចំពោះគណបក្សកុម្មុយនីស្តចិន ដែលបានអនុវត្តតាមមាគ៌ាដឹកនាំដ៏ត្រឹមត្រូវ ក្នុងការជំរុញកំណែទម្រង់ឱ្យកាន់តែស៊ីជម្រៅគ្រប់ជ្រុងជ្រោយ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយគុណភាពខ្ពស់ ធានា និងកែលម្អកម្រិតជីវភាពប្រជាជនជាបន្តបន្ទាប់ ទទួលបានជ័យជម្នះគ្រប់ជ្រុងជ្រោយក្នុងយុទ្ធនាការពុះពារឧបសគ្គ នៃការលុបបំបាត់ភាពក្រីក្រ ការកសាងសង្គម ដែលប្រជាជនមានជីវភាពធូរធារបង្ហូរ និងទទួលសមិទ្ធផលសំខាន់ជាយុទ្ធសាស្រ្តក្នុង ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជាពិសេសការកសាងបាននូវទំនាក់ទំនងល្អ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩៕