(ព្រៃវែង)៖ លោក ព្រំ សុខា ប្រធានក្រុមការងារចុះជួយស្រុកបាភ្នំ ខេត្តព្រៃវែង និងលោក ហ៊ុន ម៉ាណែត តំណាងសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៦នេះ បានអញ្ជើញចូលរួមចូលរួម នៅក្នុងពិធីបញ្ចុះខ័ណ្ឌសីមា និងសម្ពោធសមិទ្ធិផលនានា ព្រះវិហារវត្តសិម្ពលី ឃុំស្តៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង។ លោក ព្រំ សុខា បានលើកឡើងពីគុណបំណាច់របស់ គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស បានធ្វើឱ្យប្រទេសជាតិ មានការអភិវឌ្ឍន៍ប្រទេស តួយ៉ាងសមិទ្ធិផលនៅក្នុងស្រុកនេះ ដែលបានកសាងក្រោយដណ្តើមបានសន្តិភាព និងធ្វើឲ្យជីវភាពប្រជាជនរស់នៅ មានជីវភាពធូរធា មានឱកាសឲ្យកូនចៅបានរៀនសូត្រ អាចធ្វើការងារបានទាំងក្នុង និងក្រៅប្រទេស ដែលនេះជាការទទួលផលពីសុខសន្តិភាព និងការអភវឌ្ឍន៍ ដែលពីមុនសមិទ្ធិផលទាំឡាយត្រូវបានបំផ្លាញ។
លោក ហ៊ុន ម៉ាណែត បានថ្លែងថា វត្តនេះត្រូវបានកសាងឡើងក្នុងរយៈពេលជាង១០០ឆ្នាំ គឺមានការប្រែប្រួលនិងរីកចម្រើនជាបន្ទបន្ទាប់។ ក្រោយពីដំណាក់កាលក្រោយសង្រ្គាម ប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យព្រមទាំងវិស័យសាសនាល្អទៅមុខ។ លោកបានបញ្ជាក់ថា «ប្រទេសជាតិបានជួបប្រទះសង្គ្រាម និងដំណាក់កាលលំបាកជាច្រើន ហើយអ្វីដែលនៅសេសសល់ និងដែលយើងមានជីវិតរស់នៅ មកដល់សព្វថ្ងៃនេះគឺជាសំណាងហើយ។ ការរស់រានមានជីវិតមកដល់សព្វថ្ងៃនេះ គឺដោយសារថ្ងៃ៧មករា ហើយចាប់ផ្តើមពីពេលនោះមកគឺរដ្ឋាភិបាលបានខិតខំតស៊ូ ដឹកនាំកសាងប្រទេសឡើងវិញ»។
លោកបន្តទៀតថា សាសនាព្រះពុទ្ធ គឺមានសារៈសំខាន់ណាស់ ព្រោះការដឹកនាំការអប់រំ និងការរស់នៅផ្អែកទៅលើសាសនា ព្រោះការរស់នៅ ការអប់រំប្រៀនប្រដៅកូនចៅ ការធ្វើអំពើល្អ សីលធម៌ គុណធម៌ ការមិនចងពារ ការរំងាប់ពារដោយការមិនចងពារនេះហើយ ផ្អែកលើការប្រៀនប្រដៅរបស់សាសនា។ សង្គមយើងបច្ចុប្បន្ន ក៏ដូចជាពីមុនមកយើងត្រូវការអប់រំផ្នែកសីលធម៌ និងគុណធម៌ដែលកាលពីសម័យប៉ុល ពតត្រូវបានបំបាត់ចោលទាំងអស់ អញ្ចឹងបានមានការកាប់សំលាប់គ្នា ការមើលងាយ និងការមិនគោរពគ្នា។
លោក ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា «ប្រទេសយើងមានសុខសន្តិភាព គ្មានសង្គ្រាមសាសនា ប្រជាពលរដ្ឋមានសិទ្ធជឿលើសាសនាផ្សេងៗ នេះគឺសុខដុមរមនីយកម្មសាសនា ដែលរាដ្ឋាភិបាលប្រកាន់យកគោលនយោបាយ មិនរើសអើងសាសនា»។ ការអភិវឌ្ឍសម័យតេជោគឺធ្វើឱ្យប្រជាពលរដ្ឋមានបានតាមរយៈការបង្កឱកាសឱ្យកូនចៅ ប្រជាពលរដ្ឋមានឱកាសរៀនសូត្រ និងឱកាសការងារដែលរាជរដ្ឋាភិបាលបានខិតខំបង្កើតនិងស្នើសុំឱកាសការងារ និងការសិក្សាពីបរទេស និងការប្រកបមុខរបររបស់ប្រជាពលរដ្ឋ ខុសពីគណបក្សអធិបតីដើរតែរិះគន់ និងប្រកាសឱ្យគេផ្តាច់ជំនួយដែលធ្វើឱ្យប៉ះពាល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ។
លោកក៏បានស្នើឱ្យយុវជនកុំដើរចូលក្នុងអបាយមុខផ្សេងៗ យុវជនត្រូវចាប់យកឱកាសរៀនសូត្របង្កើនសមត្ថភាពធ្វើការដើម្បីជួយដល់គ្រួសារនិងចូលរួមអភិវឌ្ឍសង្គមជាតិ។ជាមួយគ្នានេះលោកក៏បានអរគុណអជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់អនុវត្តគោលនយោបាយរាជរដ្ឋាភិបាលបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ។ បើតាមរបាយការណ៍របស់អភិបាលស្រុក វត្តសិម្ពលីត្រុវបានកសាងឡើងតាំងពីគ.ស ១៩០៨ មានទំហំផ្ទៃដីសរុបចំនួន ២០.៦៦៥ម៉ែត្រការ៉េ ស្ថិតនៅ៧ គ.ម ពីទីរួមស្រុករួម និងសមិទ្ធិផលនានាបានចំណាយថវិកាសរុប៧៨១ ៦៦៥ ០០០រៀល៕