(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី១ ខែកក្កដា បានបន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ សរុប ១២៣នាក់ ស្លាប់២នាក់ និងជាសះស្បើយ៤៧នាក់។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្ត បានបង្ហាញថា អ្នកជំងឺករណីទី១ ដល់ទី៦៧ ជាករណីមានប្រភពចម្លងចេញពីផ្សារកំពង់ក្តី, ករណីទី៦៨ ដល់ទី៧៧ ជាករណីមានប្រភពចម្លងចេញពីផ្សារលើធំថ្មី និងករណីទី៧៨ ដល់ទី៨២ ជាករណីឆ្លងមានប្រភពចម្លងចេញពីសង្កាត់ស្រង៉ែ។

ករណីទី៨៣ ដល់ទី៨៤ ជាករណីមានប្រភពចម្លងចេញពីភោជនីយដ្ឋានហេង ហេង២ និងករណីទី៨៥ ដល់ទី៩០ ជាអ្នកធ្វើដំណើរមកពីរាជធានីភ្នំពេញ ខេត្តកំពង់ធំ ខេត្តកំពង់ចាម, ករណីទី៩១ ដល់ទី៩២ ជាករណីបន្តពីអ្នកដំណើរមកពីខេត្តឧត្តរមានជ័យ និងករណីទី៩៣ ជាករណីឆ្លងពីអ្នកជំងឺឈ្មោះ សុខ ឃន។

ករណីទី៩៤ និងករណីទី៩៥ ដល់ទី១០៣ គឺជាករណីពុំទាន់អាចសន្និដ្ឋានពីប្រភពចម្លងច្បាស់លាស់នៅឡើយ។ ករណីទី១០៤ ដល់ទី១២៣ គឺជាប្រជាពលរដ្ឋត្រឡប់ពីប្រទេសថៃ មកដល់ខេត្តសៀមរាប ហើយជាករណីសង្ស័យ ត្រូវបានក្រុមគ្រូពេទ្យដាក់ឱ្យធ្វើចត្តាឡីស័ក នៅវិទ្យាល័យសម្តេចឪ ។

រីឯអ្នកជាសះស្បើយទាំង៤៧នាក់ ខាងលើ ក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្ត និងមន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគម ត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។

នៅថ្ងៃដដែលនោះ មានករណីស្លាប់អ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន២នាក់ផងដែរ ដោយម្នាក់ជាពលរដ្ឋនៅស្រុកបន្ទាយស្រី និងម្នាក់ទៀតមានស្រុកកំណើតនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

សូមរំលឹកថា មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១២៦៩នាក់ បានព្យាបាលជាសះស្បើយចំនួន៤៨៣នាក់ ស្លាប់១៣នាក់ និង៧៧៣នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត និងវិទ្យាល័យដំដែក៕