(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១នេះ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតឱ្យលោក Vu Quang Minh ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា ចូលជម្រាបលា និងពិភាក្សាលើការងារមួយចំនួនក្រោយពេលបញ្ចប់អាណត្តិការងារនៅកម្ពុជា។
ក្នុងជំនួបនោះ លោក ប៉ាន សូរស័ក្តិ បានអបអរសាទរចំពោះលោកឯកអគ្គរដ្ឋទូត ដែលបានបំពេញបេសកកម្មប្រកបដោយជោគជ័យនៅកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល និងការរួមចំណែករបស់លោកឯកអគ្គរដ្ឋទូត លើការអភិវឌ្ឍន៍គ្រប់វិស័យ និងជួយបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ ឈានដល់ការរីកចម្រើនជាបន្តបន្ទាប់។
លោករដ្ឋមន្ត្រី និងលោកឯកអគ្គរដ្ឋទូត បានអះអាងនូវកិច្ចសម្រួលពាណិជ្ជកម្ម លំហូរទំនិញរវាងប្រទេសកម្ពុជា និងវៀតណាម ឱ្យកាន់តែរលូន ទោះបីជាក្នុងកាលៈទេសៈនៃវិបត្តិជំងឺកូវីដ១៩ក៏ដោយ។
លោករដ្ឋមន្ត្រី ក៏បានជម្រាបជូនអំពីវឌ្ឍនភាពនៃការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មតំបន់ និងទ្វេភាគី ដែលកម្ពុជាបានបញ្ចប់ការចរចា។ លើសពីនេះ ភាគីទាំងពីរប្តេជ្ញាបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគ ឱ្យកាន់តែឈានដល់កម្រិតដែលប្រទេសទាំងពីរចង់បាន។
លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលវៀតណាមចំពោះការគាំទ្រ និងផ្តល់ជំនួយលើគ្រប់វិស័យដល់កម្ពុជា។ លោករដ្ឋមន្ត្រី ក៏បានជូនពរលោកឯកអគ្គរដ្ឋទូត Vu Quang Minh ឱ្យបន្ដទទួលបានជោគជ័យថែមទៀតនៅក្នុងភារកិច្ចថ្មី៕