(ភ្នំពេញ)៖ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឲ្យមន្ត្រីសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល និងខេត្តព្រៃវែង ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសពចំនួន ៤នាក់ ជាកម្មករ ដែលបានទទួលមរណភាពដោយសារភ្លើងឆេះ ហាងលក់សាច់ប៉ាតេ នៅក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលក្នុងនោះ សព៣នាក់ (មាន២នាក់ជាបងប្អូនបង្កើត) បានយកទៅបុណ្យនៅគេហដ្ឋាន ស្ថិតក្នុងឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្តាល និងសព១នាក់ទៀត យកទៅធ្វើបុណ្យនៅស្រុកកំណើត ស្ថិតនៅភូមិព្រែកជ្រូក ឃុំកំពង់ប្រាំង ស្រុកពារាំង ខេត្តព្រៃវែង។
ជាមួយគ្នានោះដែរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានចាត់ឲ្យមន្ត្រីសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារសពអ្នកស្រី អឿន រដ្ឋា ជាស្ត្រីមេម៉ាយអាយុ៣០ឆ្នាំ ដែលទទួលមរណភាពដោយភ្លើងឆេះហាងសាំងនៅភូមិពព្រេង ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាមផងដែរ។
ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមសម្តែងនូវការសោកស្តាយយ៉ាងក្រៃលែងចំពោះឧបទ្ទវហេតុដែលបានកើតឡើង ហើយបណ្តាលឲ្យមានមនុស្សស្លាប់យ៉ាងអនោចអធមបែបនេះ។
ទន្ទឹមនឹងនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសព បានទៅកាន់សុគតិភពកុំបីអាក់ខានឡើយ។
ជាកិច្ចឆ្លើយតប ក្រុមគ្រួសារសពទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានចូលរួមរំលែកទុក្ខ និងជួយសម្រាលដល់ជីវភាពរស់នៅដោយបានចូលរួមបុណ្យសពនីមួយៗនូវ អង្ករ ១០០គីឡូក្រាម, មី ៥កេស, ត្រីខ ៥០កំប៉ុង, ទឹកក្រូច ៥កេស, និងថវិកា ៥លានរៀល។
សូមបញ្ជាក់ជូនថា ករណីអគ្គិភ័យឆេះហាងលក់សាច់ប៉ាតេ ដោយសារឆ្លងចរន្តអគ្គិសនី នៅសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១កន្លងទៅ បានបណ្តាលឲ្យកម្មករធ្វើសាច់ប៉ាតេចំនួន ៤នាក់ ទទួលមរណភាព ក្នុងនោះមានឈ្មោះ ១៖ សម្បត្តិ បញ្ញា ភេទប្រុស អាយុ ១៨ឆ្នាំ, ២៖ ផុន ដាវី ភេទប្រុស អាយុ ១៩ឆ្នាំ, ៣៖ ផុន ដាវីត ភេទប្រុស អាយុ ១៨ឆ្នាំ ដែលអ្នកទាំង ៣នាក់នេះ មានទីលំនៅក្នុងឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្តាល និង៤៖ នឿន កក្កដា ភេទប្រុស អាយុ ១៨ឆ្នាំ នៅភូមិព្រែកជ្រូក ឃុំកំពង់ប្រាំង ស្រុកពារាំង ខេត្តព្រៃវែង។
ដោយឡែក ករណីអគ្គិភ័យឆេះហាងលក់សាំង នៅចំណុចភូមិពព្រេង ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម កាលពីថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២១កន្លងទៅ បានបណ្តាលឲ្យមនុស្សស្លាប់ ១នាក់ ឈ្មោះ អឿន រដ្ឋា អាយុ ៣០ឆ្នាំ ជាស្ត្រីមេម៉ាយ ដោយបន្សល់ទុកកូនស្រីអាយុ៨ឆ្នាំ ១នាក់៕