(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋ ដែលត្រូវមកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សូមមេត្តាមកឱ្យបានទាន់ពេលវេលា ដែលអាជ្ញាធរប្រកាសជូន ដើម្បីចៀសវាងផុតថ្ងៃ និងយឺតក្នុងការទទួលដូសទី២។
លោកស្រីថ្លែងបន្ដថា «ទីតាំងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជាទីតាំងចល័ត ពេលណាដែលបើកទីតាំងចាក់ហើយ ចប់តាមចំនួនថ្ងៃហើយ គេនឹងចាប់ផ្ដើមបន្ដធ្វើដូសទី២ ចឹងពេលចប់ដូសទី២ ទីតាំងនោះ នឹងត្រូវរើចេញវិញ ដូច្នេះបើបងប្អូនមិនបានអញ្ជើញមកចាក់ឱ្យទាន់ពេលវេលា នោះនឹងអាចមានផលលំបាកក្នុងការស្វែងរកទីតាំងចាក់។ ចឹងសូមបងប្អូនអញ្ជើញមកឱ្យទាន់ កាលណាមានការប្រកាសថា មានការរៀបចំចាក់ដូសទី១ សូមអញ្ជើញមកឱ្យបានគ្រប់គ្នា សម្រាប់បុគ្គលដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ»។
ជាងនេះទៅទៀត លោកស្រី បានបញ្ជក់ទៀតថា «ដោយឡែក ប្រជាពលរដ្ឋ ដែលចាក់ដូសទី១ហើយ សូមកុំភ្លេចទៅចាក់ដូសទី២ ដោយកន្លងមកនេះ សង្កេតឃើញថា ពលរដ្ឋយើងមួយចំនួន គាត់មានបញ្ហាពេលត្រូវចាក់ដូសទី២ ខ្លះហួសថ្ងៃ ហើយទីតាំងចាក់ ត្រូវបានរើបាត់ទៅទៀត ដោយសារមកមិនត្រូវថ្ងៃ។ ដូចនេះសូមប្រជាពលរដ្ឋ ប្រុងប្រយ័ត្នខ្ពស់ពីបញ្ហាដែលអាចកើតមានឡើងនេះ ត្រូវចាក់ឱ្យបានគ្រប់ដូស ដើម្បីបង្កើតបាននូវអង់ទីករនៅក្នុងខ្លួនរបស់យើង ការពារពីជំងឺកូវីដ១៩» ។
លោកស្រី ឱ វណ្ណឌីន បានបន្ថែមថា នេះជាការចាំបាច់ណាស់ ដែលត្រូវឱ្យពលរដ្ឋ ចង់ចាំកក់ត្រា ឱ្យបានច្បាស់លាស់ ពេលមកទទួលចាក់វ៉ាក់សាំងឱ្យបានគ្រប់ពីរដូស។ លើសពីនោះ បើសិនមិនទាន់ដល់វេនខ្លួនទេ សូមកុំមក ដែលនាំឱ្យមានការកកកុញច្រើនពេក ព្រោះវាជាលក្ខណៈមួយបង្កហានិភ័យ នៃការចម្លងមេរោគកូវីដ១៩ សូមអញ្ជើញមកតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន របស់ក្រុមគ្រូពេទ្យ ដែលកំណត់ទៅតាមពេលវេលានេះ ។
ការថ្លែងដូច្នេះរបស់លោកស្រី ឱ វណ្ណឌីន ក្នុងឱកាសអញ្ជើញចុះពិនិត្យទីតាំងចាក់វ៉ាក់សាំង នៅខេត្ដកំពង់ស្ពឺ នាចុងខែមិថុនានេះ៕