(កំពង់ធំ)៖ ប្រជាពលរដ្ឋ៣៣គ្រួសារ ស្ថិតនៅ២ភូមិក្នុងខេត្តកំពង់ធំ បានចាញ់បោកមនុស្ស៦នាក់ ដែលក្លែងបន្លំជាបុគ្គលិកអង្គការ ដើរផ្សព្វផ្សាយលក់ផ្ទាំងសូឡា ប៉ុន្តែជនឆបោកទាំងនេះត្រូវបានកម្លាំងនគរបាល ក្រុងស្ទឹងសែនក្រោមការបញ្ជាផ្ទាល់ពីស្នងការនគរបាលខេត្តលោកឧត្តមសេនីយ៍ ជូ សំអាន និងមានការសម្របសម្រួលពីសំណាក់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោក អ៉ិត សុធា។ លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា «ជនសង្ស័យទាំង៦នាក់នេះត្រូវបានបញ្ជូនទៅកាន់តុលាការនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៦នេះ»។
ជនសង្ស័យទាំងនេះ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួននៅយប់ថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០១៦។ លោក ញ៉ែម ឈុនលី អធិការនគរបាលក្រុងស្ទឹងសែន បានប្រាប់ភ្នាក់ងារ Fresh News នៅរសៀលថ្ងៃនេះថា «មុនពេលឃាត់ខ្លួន ជនសង្ស័យទាំង៦នាក់នេះ គឺក្រោយពីទទួលព័ត៌មានរបស់ប្រជាពលរដ្ឋចំនួន២ភូមិ ក្នុងនោះមានភូមិ មហ ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ និងភូមិរលួស សង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដែលត្រូវបានរាយការតាមរយះប៉ុស្តិ៍រដ្ឋបាលថា មានមនុស្ស៦នាក់ បានអះអាងថា ខ្លួនជាបុគ្គលិកអង្គការមកឆបោកប្រជាពលរដ្ឋ ទើបបានសុំយោបល់ពីលោក អ៉ិត សុធា ព្រះរាជអាជ្ញាខេត្ត ឲ្យទៅនាំខ្លួនជនសង្ស័យទាំង៦នាក់ ពីផ្ទះសំណាក់ពន្លឺថ្មី ស្ថិតនៅក្នុងក្រុងស្ទឹងសែន ដើម្បីមកសួរនាំ លុះក្រោយមកក៏បានឃាត់ខ្លួននៅអធិការដ្ឋានតែម្តង»។
ប្រជាពលរដ្ឋរងគ្រោះបានឲ្យដឹងថា ពួកគាត់មាន៣៣គ្រួសារ ក្នុងនោះភូមិ មហ ១៧គ្រួសារ និងភូមិរលួស១៦គ្រួសារ បានបង់លុយឲ្យទៅក្រុមឆបោកក្នុងមួយគ្រួសារ ១០០ដុល្លារ សម្រាប់ការបំពាក់ផ្ទាំងសូឡា។ លោក ជេត ជាក់ មេភូមិរលួស បានឲ្យដឹងថា មុនពេលចាញ់បោក ក្រុមខិលខូចទាំងនេះ គឺពួកគេបានមកទំនាក់ទំនងជាមួយមេភូមិ ដើម្បីឲ្យមេភូមិហៅប្រជាពលរដ្ឋចូលមកប្រជុំ ដោយបានអះអាងថា ការចុះមកនេះគឺមកជួយប្រជាពលរដ្ឋ ដែលចង់បានភ្លើងអគ្គិសនី និងឲ្យបំពាក់ផ្ទាំងសូឡា បង់រំលួសរយះពេល៤ឆ្នាំ តែត្រូវបង់មុន១០០ដុល្លារ ក្នុងនោះ អង្គការមានផ្តល់ប្រាក់កម្ចីជូនប្រជាពលរដ្ឋ អាចខ្ចីបានក្នុងមួយគ្រួសារ១លានរៀល។ ប្រជាពលរដ្ឋសរុប២ភូមិ បានប្រគល់លុយឲ្យ ខ្លះខ្ចី ខ្លះចងការគេខណៈចង់បានផ្ទាំងសូឡា តែក្រោយពីក្រុមឆបោកប្រមូលប្រាក់ពីប្រជាពលរដ្ឋបាន ក៏ប្រាប់ប្រជាពលរដ្ឋថា ដាំបាយឲ្យច្រើនទៅ ពួកខ្ញុំទៅទិញម្ហូប ក៏នាំគ្នារំដោះគ្នាចេញមកក្រៅភូមិ ហើយឲ្យម្នាក់នៅជាមួយប្រជាពលរដ្ឋជាថ្នូរ។ តែរឿងនេះត្រូវបែកការណ៍ មេភូមិក៏ប្រាប់ទៅប៉ុស្តិ៍រដ្ឋបាល ចំណែកមនុស្សម្នាក់ ដែលត្រូវបានគេចាត់ឲ្យឲ្យនៅជាថ្នូរនោះ បានឮមេភូមិនិយាយទូរស័ព្ទទៅប៉ុស្តិ៍រដ្ឋបាល ក៏ឡើងម៉ូតូជិះរត់ ហើយក៏នាំគ្នាបិតទូរស័ព្ទ។
ក្រោយមកកម្លាំងនគរបាលក៏តាមចាប់បានទាំងទាំងនេះ។ ជនសង្ស័យទាំង៦នាក់ ទី១ឈ្មោះ ស្មាន ស៊ុលគីភ្លី អាយុ៣៦ឆ្នាំ រស់នៅភូមិព្រែកស្តី ខេត្តពោធិ៍សាត់ ទី២ ឈ្មោះ យ៉ើ រ៉ូហ្វា អាយុ៣០ឆ្នាំ រស់នៅភូមិទលងោក ឃុំកំពង់លួង ខេត្តកណ្តាល ទី៣ ឈ្មោះ ឡោះ ម៉ាត់លី អាយុ៣៦ឆ្នាំ រស់នៅភូមិទលងោក ឃុំកំពង់លួង ខេត្តកណ្តាល ទី៤ សុះ រសេត អាយុ៤១ឆ្នាំ រស់់នៅភូមិវិហារសំបូរ ខេត្តត្បូងឃ្មុំ ទី៥ ឈ្មោះ ឡោះ រ៉យ៉ា អាយុ២៧ឆ្នាំ រស់នៅភូមិឡឥដ្ឋ ឃុំព្រែកព្រះស្តេច ខេត្តបាត់ដំបង និងទី៦ ឈ្មោះ ជា ណាវី ភេទស្រី អាយុ១៩ឆ្នាំ រស់នៅភូមិក្តុល ឃុំក្រាំងស្គារ ខេត្តកំពង់ឆ្នាំង។ វត្ថុតាងមានម៉ូតូ៤គ្រឿង និងទូរស័ព្ទ៨គ្រឿងត្រូវសមត្ថកិច្ចដកហូត៕