(ពោធិ៍សាត់)៖ រយៈពេល២ថ្ងៃ គិតចាប់ពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១នេះ ប្រជាពលរដ្ឋ ដែលជាក្រុមគោលដៅប្រឈមខ្លាំង (អាជីវករផ្សារ, គ្រួសារម៉ូតូឌុប-តាក់ស៊ី, បុគ្គលិកអាហារដ្ឋាន-ផ្ទះសំណាក់ និងកម្មករ កម្មការិនី...។ល។) ជិត២ម៉ឺននាក់ នៅខេត្តពោធិ៍សាត់ បានសម្រុកមកទទួលការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ទៅតាមទីតាំង ដែលរដ្ឋបាលខេត្តបានរៀបចំជូន ១-សាលាខេត្តពោធិ៍សាត់, ២-ការិ.សុខាភិបាល ស្រុកប្រតិបត្តិសំពៅមាស, ៣-វិទ្យាល័យពោធិ៍សាត់, ៤-រោងចក្រលានហ្វា ស្នាមព្រះ (ចាក់រួចរាល់) និង៥-រោងចក្រតៃអ៊ីហ្សី ក្រគរ (ចាក់រួចរាល់)។
ជាក់ស្តែងនាថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១នេះ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ តែងតែចុះធ្វើការត្រួតពិនិត្យ ទីតាំងចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ និងបានជម្រុញ ឱ្យក្រុមការងារយុវជន ក្រុមគ្រូពេទ្យ និងអាជ្ញាធរដែនដី សម្រុកចាក់វ៉ាក់សាំងដល់ពួកគេឱ្យបានលឿន ស្របតាមកាលបរិច្ឆេទកំណត់ ត្រឹមថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១។
ថ្លែងក្នុងឱកាសចុះពិនិត្យទីតាំងនីមួយៗ លោក ម៉ៅ ធនិន បានឱ្យដឹងថា វ៉ាក់សាំងដែលចាក់ជូនប្រជាពលរដ្ឋនាពេលនេះ គឺមានចំនួនកំណត់ ពោលគឺសម្រាប់ចាក់តែប្រជាពលរដ្ឋ ដែលជាក្រុមគោលដៅប្រឈមខ្លាំង និងបន្តឈានដល់ការចាក់ជូនប្រជាពលរដ្ឋរបស់យើង ឱ្យបានគ្រប់គ្នា ក្នុងពេលខាងមុខ។ ទាំងនេះ គឺជាការខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីរកវ៉ាក់សាំង និងបានដាក់ចេញវិធានការ សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់យើង ឱ្យបានគ្រប់ៗគ្នា នៅទូទាំងប្រទេស។
លោក ម៉ៅ ធនិន បានថ្លែងបន្ថែមថា វ៉ាក់សាំង១ គឺជាជីវិត១ ដូច្នេះហើយឯកឧត្តមបានដាក់ចេញនូវផែនការលម្អិត ដោយចាត់ក្រុមការងារយុវជន ក្រុមគ្រូពេទ្យ និងអាជ្ញាធរដែនដី ដើម្បីចាត់ចែងទទួលរៀបចំកិច្ចការនេះ ឱ្យមានសណ្តាប់ធ្នាប់ ស្របតាមវិធានការណ៍ «៣ការពារ និង៣កុំ» របស់សម្តេចតេជោ ព្រមទាំងការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីកាត់បន្ថយការឆ្លងជំងឺកូវីដ១៩ និងអាចជួយពន្លឿន ដល់ការចាក់វ៉ាក់សាំងបានកាន់តែលឿន និងបានជ្រាបចូលក្នុងខ្លួនប្រជាពលរដ្ឋបានឆាប់រហ័ស។
បើតាមលោក តុប វទ្ធី អនុប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តពោធិ៍សាត់ បានឱ្យដឹងដែរថា ២ថ្ងៃនៃដំណើរការចាក់វ៉ាក់សាំងនេះ គឺមានប្រជាពលរដ្ឋ ដែលជាក្រុមគោលដៅប្រឈមខ្លាំង បានសម្រុកមកចាក់វ៉ាក់សាំងកូវីដ១៩ បានចំនួនជិត២ម៉ឺននាក់ហើយ៕