(បន្ទាយមានជ័យ)៖ ក្រុមគ្រូពេទ្យកងពលចំនួន៧នាក់ បាននិងកំពុងធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ ក្រោយពេលត្រឡប់មកពីបំពេញបេសកកម្ម ក្នុងការចូលរួមជាមួយក្រុមការងារមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ ដើម្បីពិនិត្យសំណាករកមេរោគកូវីដ១៩ នៅក្រុងប៉ោយប៉ែត។
ឧត្តមសេនីយ៍ត្រី កែវ សេងលន មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ បានអញ្ជើញចុះសាកសួរសុខទុក្ខ នាំយកអំណោយសំម្ភារ និងថវិកាមួយចំនួនប្រគល់ជូន ក្នុងឱកាសនោះ លោកបានកោតសរសើរយ៉ាងខ្លាំងចំពោះការប្រឹងប្រែងតស៊ូធ្វើការងារសម្រេចជោគជ័យរបស់បងប្អូន ក្នុងការចូលរួមដ៏សកម្មជាមួយក្រុមការងារមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ ដើម្បីបម្រើដល់ផលប្រយោជន៍ប្រជាជន សង្គមជាតិ និងដើម្បីមុខមាត់អង្គភាព។
លោកបន្តថា ទោះបីជាបងប្អូនបានធ្វើតេស្តមេរោគកូវីដ-១៩ មុនពេលត្រឡប់មកអង្គភាពវិញរួចហើយ លទ្ធផលអវិជ្ជមានទាំង៧នាក់ក្តី តែដើម្បីភាពជឿជាក់ និងអស់ការសង្ស័យពីការឆ្លងជំងឺកូវីដ១៩ ពីក្រុងប៉ោយប៉ែត ដល់បងប្អូនកងកម្លាំងនៅក្នុងអង្គភាព លោកតម្រូវឲ្យធ្វើចត្តាឡីស័ករយ:ពេល១៤ថ្ងៃ ដូច្នេះសូមបងប្អូនកុំមានសតិអារម្មណ៍ និងអនុវត្តឲ្យបាននូវបទបញ្ជាកងពល និងអនុវត្តឲ្យបាន វិធានការ ៣កុំ៣ការពារ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីសុខសាន្តទាំងអស់គ្នា។
ឧត្តមសេនីយ៍ត្រី មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ ក៏បានបញ្ជាក់ផងដែរថា បេសកកម្មនេះ គឺជាការដកបទពិសោធន៍ និងជាមេរៀនដ៏សំខាន់ក្នុងវិជ្ជាជីវៈរបស់គ្រូពេទ្យ នូវចំណេះដឹងថ្មីមួយទៀត ចំពោះការធ្វើតេស្តយកសំណាករកមេរោគកូវីដ១៩ ដើម្បីបម្រើជាតិ និងប្រជាពលរដ្ឋរបស់យើង។
សូមបញ្ជាក់ថា អនុវត្តតាមបទបញ្ជារបស់មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ បានចេញបញ្ជាដល់អង្គភាពកងពលចំណុះយោធភូមិភាគ ចូលរួមជាមួយក្រុមការងារមន្ទីរសុខាភិបាល ខេត្តបន្ទាយមានជ័យ ដើម្បីពិនិត្យសំណាករកកូវីដ-១៩ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕