(កំពង់ធំ)៖ លោក ម៉ាក់ ប៊ុនហុង អភិបាលក្រុងស្ទឹងសែន ខេត្តកំពង់ធំ និងក្រុមការងារ បានចុះបាញ់ថ្នាំសម្លាប់មេរោគបរិវេណផ្សារកំពង់ធំ និងផ្សារស្ទឹងសែន ដើម្បីរក្សាឱ្យបាននូវសុខសុវត្ថិភាពបងប្អូនអាជីវករផ្សារនិងបង្ការការចម្លង និងរីករាលដាលនៃជំងឺកូវីដ១៩ នៅតាមទីកន្លែងសាធារណៈសំខាន់ៗ ក្នុងក្រុងស្ទឹងសែនរសៀលថ្ងៃទី១ ខែកក្តដា ឆ្នាំ២០២១។

លោក ម៉ាក់ ប៊ុនហុង បានថ្លែងថា ដោយពិនិត្យទៅតាមស្ថានភាព នៃការរីករាលដាលនៃមេរោគជំងឺកូវីដ១៩ នៅក្នុងខេត្តកំពង់ធំ មានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ធ្វើឲ្យថ្នាក់ដឹកនាំមានការព្រួយបារម្ភពីសុខភាពនិងអាយុជីវិត របស់បងប្អូនប្រជាពលរដ្ឋ និងមានការចម្លងពីអ្នករកស៊ីក្នុងផ្សារកាន់តែកើនឡើង អាជ្ញាធរក្រុងស្ទឹងសែនបានធ្វើការផ្អាក ការលក់ដូររបស់អាជីវករនៅក្នុងផ្សារកំពង់ធំ និងផ្សារស្ទឹងសែនរយៈពេល១ល្ងាច ដើម្បីឲ្យក្រុមការងារបាញ់ថ្នាំសម្លាប់មេរោគ ដើម្បីរក្សាឱ្យបាននូវសុខសុវត្ថិភាពបងប្អូនអាជីវករផ្សារនិងបង្ការការចម្លង និងរីករាលដាលនៃជំងឺកូវីដ-១៩។

លោកបានបន្តថា ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ បន្ថែមទៀត លោកសូមអំពាវនាវដល់អ្នកដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកវិជ្ជមានដែលរដ្ឋបាលខេត្ត បានចេញសេចក្តីប្រកាសព័ត៌មានជារៀងរាល់ថ្ងៃ សូមរួសរាន់ទំនាក់ទំនងទៅអាជ្ញាធរ ឬមណ្ឌលសុខភាពដែលនៅកៀកបំផុតដើម្បីពិនិត្យសុខភាព និងធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃឱ្យបានត្រឹមត្រូវ។

ទន្ទឹមជាមួយគ្នានេះដែរ លោកអភិបាលក្រុង អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ បន្តថែរក្សាអនាម័យអនុវត្តន៍តាមវិធានការសុខាភិបាល «៣កុំ និង៣ការពារ» រាល់ពេលធ្វើដំណើរទៅគ្រប់ទីកន្លែង ជាពិសេសជៀសវាងទៅកាន់ ទីកន្លែង ប្រជុំជន ដើម្បីការពារខ្លួនមិនឆ្លងជំងឺកូវីដ១៩ និងក្លាយខ្លួនជាភ្នាក់ងារចម្លងជំងឺទៅកាន់គ្រួសារ និងសហគមន៍៕