(សៀមរាប)៖ នៅព្រឹកថ្ងៃទី០១ ខែកក្កដា នេះ លោក អែល សៀត សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈចលនាឥស្លាមកម្ពុជាខេត្តសៀមរាប ក្រុមយុវជន ថ្នាក់ដឹកនាំសហគមន៍ឥស្លាម ព្រមទាំងអាជ្ញាធរសង្កាត់សំបួរ ក្រុងសៀមរាប បានយកអំណោយចែកជូនក្រុមគ្រួសារសាសនិកឥស្លាម ដែលកំពុងជួបការលំបាក ខណៈសមាជិកគ្រួសារ ឆ្លងជំងឺកូវីដ១៩ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

អំណោយដែលចែកជូននៅពេលនោះរួមមាន អង្ករ មី ទឹកបរិសុទ្ធ ម៉ាស់ គ្រឿងឧបភោគបរិភោគ រួមនិងថវិកាមួយចំនួនផងដែរ។ ក្រៅពីចែកជូនកញ្ចប់សប្បុរសធម៌ដល់គ្រួសារចំនួន២ ស្ថិតនៅភូមិតាគង់ សង្កាត់សំបួរ ក្រុងសៀមរាប នៅពេលនោះ ក៏មានការចែកអំណោយដល់កម្លាំងនគរបាល និងប្រជាការពារ ដែលកំពុងយាមតាមផ្ទះ សម្រាប់ទីតាំងដែលមានគ្រួសារមានវិជ្ជមានជំងឺកូវីដ១៩នោះផងដែរ។

សូមបញ្ជាក់ថា នៅភូមិតាគង់ សង្កាត់សំបួរ មកដល់ពេលនេះ មានអ្នកវិជ្ជមានជំងឺកូវីដ១៩ សរុប ៣នាក់ ជាសះស្បើយ១នាក់៕