(បាត់ដំបង)៖ លោក សួស អង្គារ៍ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ ចុះជួយឃុំអូរតាគី និងឃុំតាម៉ឺន ស្រុកថ្មគោល បានប្រាប់សមាជិកបក្សប្រជាជនកម្ពុជានៅមូលដ្ឋានថា «គណបក្សប្រជាជនកម្ពុជា គឺជាអ្នករំដោះ និងសង្រ្គោះជាតិ ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ក្នុងរបបខ្មែរក្រហម ប៉ុល ពត រួចបានកសាង និងអភិវឌ្ឍន៍ប្រទេសជាតិពិតប្រាកដ ដោយមានថ្នាក់នាំកំពូលសម្តេចទាំង៣ ពិសេសសម្តេចតេជោ ហ៊ុន សែន តាំងពីបាតដៃទទេរហូតមានការរីកចម្រើនរហូតដល់សព្វថ្ងៃ មិនមែនបក្សប្រឆាំង បក្សសង្រ្គោះជាតិស្អីគេនោះទេ មករំដោះប្រជាពលរដ្ឋនោះឡើយ»។
ការថ្លែងបែបនេះខណៈដែលលោកបានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល ជាមួយសមាជិកសមាជិកាបក្ស នៅឃុំតាម៉ឺនស្រុកថ្មគោល នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៦ នៅទីស្នាក់ការបក្សស្រុកថ្មគោល។ លោក សួស អង្គារ៍ ក៏បានជម្រាបជូនដល់សមាជិកសមាជិកា ដែលបានចូលរួម ទាំងអស់មកពីភូមិទាំង១០ឃុំតាម៉ឺន ក្នុងស្រុកបានជ្រាបថា ពីប្រវត្តិសាស្រ្តគណបក្សប្រជាជនកម្ពុជា មានតែមួយគត់ ដែលបានខិតខំតស៊ូរំដោះជាតិមាតុភូមិ ចេញផុតពីសម័យដ៏ខ្មៅងងិត សម្លាប់ជាតិឯងស្ទើរតែផុតពូជទៅហើយនោះ និងប្រឹងប្រែងកសាង និងការពារប្រទេសជាតិមិនឲ្យធ្លាក់ក្នុងរណ្តៅបនប្រល័យពូជសាសន៍ ប៉ុល ពត ម្តងទៀត ដោយដៃម្ខាង ខិតខំកសាង និងដៃម្ខាងទៀតខិតខំការពារតាំងពីឆ្នាំ១៩៧៩ បាតដៃទទេ រហូតបានកសាងមានសមិទ្ធិផលជាច្រើន និងភាពរីកចម្រើនដល់សព្វថ្ងៃពិតៗ មិនដូចបក្សប្រឆាំងដែលមិនបានធ្វើអ្វីសោះដើរតែឃោសនាពលរដ្ឋតាមមូលដ្ឋាននោះឡើយ។ ដោយសារតែមានមេដឹកនាំដ៏ឆ្នើមដូចសម្តេចតេជោ ហ៊ុន សែន ក៏ដូចជាឥស្សរជនឆ្នើមជាច្រើនរូបទៀត មានវិន័យ និងគោលនយោបាយដឹកនាំប្រទេសបានល្អយ៉ាងដូច្នេះ នោះគណបក្សប្រជាជនកម្ពុជាយើងនឹងត្រូវបានបន្តឈ្នះឆ្នោត ពេលបោះឆ្នោត ឃុំ-សង្កាត់នៅ២០១៧ និងបោះឆ្នោតថ្នាក់ជាតិ ឆ្នាំ២០១៨ ដើម្បីដឹកនាំប្រទេសបន្តការអភិវឌ្ឍន៍ឲ្យកាន់តែរីកចម្រើនថែមទៀត ដូច្នេះក្រុមការងារម្នាក់ៗត្រូវបង្កើនសកម្មភាព ចុះជួយ ប្រជាពលរដ្ឋកាន់តែប្រសើរឡើងខ្លាំងជាងមុន។
លោក សួស អង្គារ៍ បានបញ្ជាក់ថា «គណបក្សប្រជាជន តែងប្រកាន់ខ្ជាប់នូវ គោលការណ៍ចំបង គឺធ្វើអ្វីៗដើម្បីបម្រើផលប្រយោជន៍ប្រជាជនជាធំ និងដើម្បីប្រទេសជាតិយើងទាំងអស់គ្នា។ គណបក្សប្រជាជនកម្ពុជា មានមហិច្ឆតាក្នុងការកសាងប្រទេសជាតិយើង ឲ្យរីកច្រើន និងរុងរឿងដើម្បីឲ្យកូនចៅជំនាន់ក្រោយរបស់យើង បានរស់នៅ ក្នុងសុខសន្តិភាពបានយូរអង្វែង ជាពិសេសដើម្បី ធ្វើឲ្យប្រទេសជាតិ យើងអាចធ្វើម្ចាស់ជោគវាសនា របស់ជាតិយើង ដោយខ្លួនឯង ឯករាជ្យ ឯកភាពជាតិតែមួយ ប្រជាធិបតេយ្យ សេរីពហុបក្សនៅកម្ពុជា»។ លោកប្រធានក្រុមការងារក៏បានស្នើមន្រ្តីគណបក្សមូលដ្ឋានគ្រប់លំដាប់ថ្នាក់ទាំងអស់ ឱ្យបន្តខិតខំធ្វើអំពើល្អ និងចេះកែលំអរនូវចំណុចខ្វះខាត និងភាពអសកម្មទាំងឡាយកន្លងមក ហើយទុកផលប្រយោជន៍ប្រជាពលរដ្ឋជាធំ ដើម្បីបន្តទាក់ទាញនូវ ការគាំទ្រពីសំណាក់ប្រជាជន។ ជាមួយគ្នានេះ យើងត្រូវបន្តខិតខំបម្រើនិងផ្តល់សេវាសាធារណៈគ្រប់ប្រភេទជូនដល់ប្រជាជនឱ្យបានល្អ។
លោកក៏បានលើកឡើង និងធ្វើការវាយបកទៅលើបក្សប្រឆាំងវិញផងដែរ ដែលតែងតែដើរឃោសនាតាមមូលដ្ឋាន វាយប្រហារមកលើគណបក្សប្រជាជនកម្ពុជា ដោយគ្មានមូលដ្ឋាន ខណៈពេលគណបក្សនោះបាន និងកំពុងដើរនិយាយភូតកុហក់ ប្រជាពលរដ្ឋយើងរាល់ថ្ងៃ ដោយបក្សប្រឆាំងនោះកំពុងមានរឿងអាស្រូវជាច្រើនក្នុងជួរបក្សនិងបែកធ្លាយរឿងអាស្រូវអាក្រក់ជាសាធារណៈរបស់គេ ហើយបក្សនោះមិនដែលបានកសាងសមិទ្ធិផលនិងធ្វើអ្វីសោះជូនប្រជាពលរដ្ឋយើងទេ បានត្រឹមតែសន្យាខ្យល់ប៉ុណ្ណោះ។ លោកបានបញ្ជាក់ពីសភាពការជាតិ និងអន្តរជាតិមកជម្រាបជូនសមាជិកបក្សថា ប្រទេសកម្ពុជាកំពុងបោះជំហ៊ានទៅមុខ ដោយប្រទេសធំៗ បានទទួលស្គាល់និងទុកចិត្តពីសុវត្តិភាពល្អ ដោយមានថ្នាំក់ដឹកនាំប្រទេសធំៗទាំងនោះបានមកទស្សនកិច្ច ក្នុងនោះក៏មានភ្ញៀវទេសចរណ៍ជាច្រើនប្រទេសមកទស្សនានៅកម្ពុជាមានការកើនឡើង និងស្នាក់នៅដោយសុវត្តិភាព ជាមួយគ្នានោះដែរ ព្រមទាំងបានសហការជាមួយអង្គការជាច្រើនជាដៃគូរអភិវឌ្ឍន៍ជាមួយរាជរដ្ឋាភិបាលកម្ពុជាផងដែរ។
បន្ទាប់ពីសំណេះសំណាលចប់គណៈអធិបតីក៏បានជូនថវិកាកំដរដៃដល់ប្រជាពលរដ្ឋជា សមាជិក សមាជិកាបក្សមកពីឃុំអូរតាគីសរុបទាំងអស់ចំនួនជាង ១,០៥០នាក់ ក្នុងម្នាក់ៗទទួលបាន១ម៉ឺនរៀល និងឧត្ថមជូនទីស្នាការបក្សឃុំសម្រាប់ប្រើប្រាស់ក្នុងការងារផ្សេងៗចំនួន៥០ម៉ឺនរៀលផងដែរ៕