(កំពង់ចាម)៖ ក្រុមហ៊ុន Libresse® ដែលជាម៉ាកយីហោថែរក្សាសុខភាពស្ត្រីឈានមុខគេលើពិភពលោក បានបរិច្ចាគបន្ទប់ទឹកអនាម័យចំនួន២ខ្នង មាន៥បន្ទប់ ជូនដល់វិទ្យាល័យ នរោត្តម រណឫទ្ធិ គន្ធាបុប្ផា ស្ថិតនៅក្នុងខេត្តកំពង់ចាម ដើម្បីជួយធានាឲ្យបាននូវតម្រូវការអនាម័យមូលដ្ឋានរបស់សិស្សានុសិស្ស។

ក្នុងនាមជាគម្រោងដំបូងបង្អស់ ក្នុងចំណោមគម្រោងអនាម័យផ្សេងៗទៀត លីប្រេស្ស (Libresse®) បានធ្វើការប្តេជ្ញាចិត្ត និងរៀបចំផ្តល់នូវបន្ទប់ទឹកអនាម័យ ជាមួយគ្រឿងបរិក្ខារអនាម័យដល់ស្រ្តីវ័យក្មេង ដែលកំពុងជួបកង្វះខាតជូនដល់សាលារៀន ដែលខ្លួនបានជ្រើសរើស ហើយអាចធ្វើឲ្យពួកគេ រស់នៅប្រកបដោយសុវត្ថិភាព និងទទួលបានសុខភាពល្អប្រសើរជាងមុន ដូច្នេះពួកគេអាចផ្តោតលើអ្វីដែលសំខាន់បំផុតសម្រាប់ខ្លួន ជាក់ស្តែងគឺការអប់រំ។

ដោយសារតែស្ថានភាពជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា គម្រោងនៃការរៀបចំពិធីប្រគល់បន្ទប់ទឹកអនាម័យ ត្រូវបានកែសម្រួលឡើងវិញ ដើម្បីគោរពឲ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាលនៃកម្ពុជា ដែលហាមមិនឲ្យមានការជួបជុំក្នុងសហគមន៍។

លោក ប៉ុច ពន្លក ជានាយកសាលា នៃវិទ្យាល័យ នរោត្តម រណឬទ្ធិ គន្ធាបុប្ផា បានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសម្ព័ន្ធក្រុមហ៊ុន វីនដា ដោយបញ្ជាក់ថា បង្គន់អនាម័យដែលបានសាងសង់រួចរាល់នេះ មានបន្ទប់ទឹកអនាម័យចំនួន២ខ្នង ដែលមួយខ្នងមាន៣បន្ទប់សម្រាប់ក្មេងស្រី និងមួយខ្នងទៀតមាន២បន្ទប់សម្រាប់ក្មេងប្រុស៕