(ស្វាយរៀង)៖ ប្រជាពលរដ្ឋដែលធ្វើដំណើរចេញ-ចូល វៀតណាមញឹកញាប់ បានស្នើមកដល់អង្គភាព Fresh News ជួយចុះផ្សាយរឿង ឡានក្រុងដឹកភ្ញៀវទិសដៅ ភ្នំពេញ-ហូជីមីញ និងពីហូជីមីញ-ភ្នំពេញ ពីព្រោះឥឡូវនេះឃើញតែដឹកទំនិញពេញៗ ឡានរហូតដោះកៅអីនៅខាងក្នុងទៀតផង ដែលធ្វើឲ្យប៉ះពាល់ដល់ អារម្មណ៍របស់អ្នកដំណើរយ៉ាងខ្លាំង នៅពេលជិះឡានក្រុងទាំងនោះ មិនថាឡានក្រុងណា ឬឡានក្រុងណានោះទ វាដូចតែគ្នា។
បើតាមប្រជាពលរដ្ឋ មូលហេតុដែលនាំឲ្យឡានក្រុងដឹកទំនិញពេញៗ ពីវៀតណាម មកភ្នំពេញយ៉ាងដូច្នេះ គឺអាចមកពីងាយស្រួល រកលុយជាងដឹកមនុស្ស ពីព្រោះដឹកទំនិញបានច្រើន និងមុខទំនិញខ្លះ មិនបានបង់ពន្ធ និងបង់ពន្ធមិនគ្រប់ទៀតផង ដោយសារតែត្រូវរ៉ូវជាមួយក្រុមមន្រ្តីគយ ព្រមទាំងមន្រ្តីពាក់ព័ន្ធទៀត នៅប្រចាំការច្រកទ្វារអន្តរជាតិ បាវិត-ម៉ុកបាយ។
ប្រជាពលរដ្ឋរូបនេះបានិយាយថា «រថយន្តទាំងនេះ ត្រូវគេដកកៅអីអស់ហើយ គឺដកចេញរហូតដល់ពាក់កណ្តាលឯណោះ ដើម្បីយកកន្លែងដាក់ទំនិញផ្សេងៗ ជាច្រើនប្រភេទឡើងពេញតែម្តង ដែលបញ្ហានេះបានធ្វើឲ្យប៉ះពាល់ ដល់ផាសុកភាពអ្នកធ្វើដំណើរទូទៅ តាមឡានក្រុង ព្រោះការផ្ទុកទំនិញយ៉ាងច្រើនបែបនេះ មានភាពស្អុះស្អាប់ ហើយមានការជះក្លិនពីទំនិញទៀតផង»។
ប្រជាពលរដ្ឋខាងលើ បានលើកឡើងទៀតថា ក្រុមហ៊ុនមួយចំនួនយកយីហោក្រុមហ៊ុនឡានក្រុងដឹកជញ្ជូនភ្ញៀវទេសចរ ដើម្បីនាំចូលទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់ ស្រេចតែចិត្តដោយមានការឃុបឃិត ពីសមត្ថកិច្ចគយនៅតាមច្រកទាំងនោះ។
ជុំវិញបញ្ហាទាំងនេះ ភ្ញៀវទេសចរមួយចំនួន ដែលរងផលប៉ះពាល់ដោយសារតែឡានដឹកទំនិញជាងការដាក់មនុស្សនោះ បានអំពាវនាវដល់ ក្រសួងសាធារណការ និងក្រសួងទេសចរណ៍ ពិនិត្យឡើងវិញរាល់ទង្វើរបស់ក្រុមហ៊ុនទាំងនេះ។ ដោយហេតុថា អាជ្ញាប័ណ្ណរបស់ក្រុមហ៊ុនទាំងនេះគឺទទួលបានអាជីវកម្មដឹកភ្ញៀវទេសចរ ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជា និងពីកម្ពុជាទៅប្រទេសវៀតណាមវិញ។
ប៉ុន្តែការពិតបែរជាយកអាជ្ញាប័ណ្ណទៅប្រើប្រាស់សម្រាប់ដឹកទំនិគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់ទៅវិញ។ បើតាមប្រជាពលរដ្ឋដដែលនេះ យ៉ាងច្រើនណាស់មានមនុស្ស ពេលខ្លះមិនដល់១០នាក់ផង ដែលឡានក្រុងទាំងនេះដឹក ខុសពីនេះគឺទំនិញសុទ្ធ៕