(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ស្តីពីស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជា នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្ត៦ចំណុច ដើម្បីបង្ការ ទប់ស្កាត់ និងដោះស្រាយបញ្ហាកូវីដ១៩ នៅក្នុងប្រទេស ឱ្យកាន់តែមានប្រសិទ្ធភាព។
យុទ្ធសាស្រ្តទាំង៦ចំណុចនោះ រួមមាន៖
១៖ ការទប់ស្កាត់ការនាំចូលនូវកូវីដបំប្លែងថ្មី (ដែលតា) កើតចេញពីឥណ្ឌា ដែលជាមេរោគគ្រោះថ្នាក់បំផុត។ ការទប់ស្កាត់នេះត្រូវអនុវត្តវិធានការ៥ រួមមាន៖ ពង្រឹងការគ្រប់គ្រងច្រកចេញចូលទាំងព្រំដែនគោក ទឹក និងផ្លូវអាកាស, ការធ្វើតេស្ត ពិសេសត្រូវធ្វើតេស្តរហ័សនៅតាមព្រំដែន, ធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ ពង្រឹង និងផ្គត់ផ្គង់មណ្ឌលចត្តាឡីស័ក ឱ្យបានគ្រប់គ្រាន់ ជាពិសេសខេត្តជាប់ព្រំដែនថៃ, ដាក់ព្យាបាលដាច់ដោយឡែកសម្រាប់អ្នកវិជ្ជមានមេរោគបំប្លែងថ្មី (ដែលតា) ហើយចត្តាឡីស័កត្រូវធ្វើដល់២១ថ្ងៃ និងពលករនៅប្រទេសថៃ មិនត្រូវបារម្ភទេ កម្ពុជា បានសហការជាមួយថៃរួចហើយ។ សម្តេចតេជោ បានបញ្ជាក់ថា ភាគីថៃ បានបញ្ជាក់ហើយសម្រាប់អ្នកធ្វើការខុសច្បាប់នៅថៃ ក្នុងកំលុងពេលកូវីដ១៩នេះ មិនមានការដាក់ទោសទណ្ឌទេ ហើយនឹងជួយផ្តល់ភាពស្របច្បាប់ថែមទៀតផង។ សម្តេចតេជោ អំពាវនាវដល់ពលករនឹងនរចិត្ត កុំសម្រុកចេញពីថៃមកកម្ពុជា ដែលប្រឈមការឆ្លងជំងឺ។
២៖ ការកាត់បន្ថយតំបន់ឆ្លង និងចំនួនឆ្លងឱ្យមកនៅទាប ដោយប្រើវិធានការចំនួន៤ រួមមានវិធានការអប់រំ វិធានការសុខាភិបាល វិធានការរដ្ឋបាល និងច្បាប់។
៣៖ ការខិតខំរកវិធីព្យាបាលអ្នកជំងឺ ហើយកាត់បន្ថយអ្នកស្លាប់ រហូតឈានទៅដល់គ្មានអ្នកស្លាប់។ ដោយអនុវត្តនូវវិធានការចំនួន៥ រួមមាន៖ ស្វះស្វែងរកប្រភពថ្នាំដែលមានប្រសិទ្ធភាព និងតាមពិនិត្យមើលការផ្តល់ថ្នាំ ដែលមានការផ្តល់ខុសគ្នានៅតាមទីតាំងព្យាបាល, រៀបចំមន្ទីរពេទ្យបន្ថែមនៅតាមស្រុក និងបំពាក់សម្ភារៈឱ្យបានគ្រប់គ្រាន់នៅតាមពេទ្យខេត្ត និងស្រុក ជាពិសេសម៉ាស៊ីន ICU, ហ្វឹកហ្វឺនគ្រូពេទ្យបន្ថែម ដើម្បីចូលបម្រើការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩, ត្រូវបញ្ជាទិញសម្ភារៈឱ្យបានឆាប់ និងការដាក់ឱ្យព្យាបាលនៅតាមផ្ទះ។
៤៖ ការត្ររុករក និងគ្រប់គ្រង។ យុទ្ធសាស្ត្រនេះ មានវិធានការ៥ រួមមាន៖ រៀបចំតំបន់យកសំណាក និងការយកសំណាកទៅពិនិត្យ, ពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ និងខិតខំរកមេរោគបំប្លែងភេទថ្មី, ពង្រីកការធ្វើតេស្តរហ័ស, រៀបចំការធ្វើការចត្តាឡីស័កឱ្យបានត្រឹម រកឃើញហើយត្រូវទុកអ្នកជំងឺកន្លែងណា ព្យាបាលកន្លែងណា ឬឱ្យនៅព្យាបាលតាមផ្ទះ និងតាមដានដោយបច្ចេកវិទ្យាព័ត៌មាន។
៥៖ ការរៀបចំកប់ ឬបូជាសពអ្នកជំងឺកូវីដ១៩ ឱ្យបានល្អ តាមវិធានការ៤យ៉ាង៖ រៀបចំបច្ឆានៅកន្លែងមិនទាន់មានបច្ឆា, ប្រើបច្ឆាតាមវត្ត តែត្រូវធានាសុវត្ថិភាព ដោយធ្វើការជាមួយព្រះចៅអធិការវត្ត, រៀបចំដីសម្រាប់កប់សពតាមប្រពៃណីរបស់ជនជាតិភាគតិច និងខ្មែរ-ឥស្លាម និង រៀបចំផលិតក្តាមឈូសឱ្យបានត្រឹមត្រូវសម្រាប់យកទៅបូជា ឬកប់។ សម្តេចតេជោ ណែនាំឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្ម រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងនាយឧត្តមសេនីយ៍ សៅ សុខា ប្រេីប្រាស់ឈេីខុសច្បាប់ដែលរឹបអូសបានយកមកធ្វេីក្តាមឈូសជូនអ្នកស្លាប់ដោយកូវីដ។
៦៖ យុទ្ធសាស្ត្រវ៉ាក់សាំង។ ត្រូវរកវ៉ាក់សាំងការពារជំងឺកូវីដ១៩ ឱ្យបានយ៉ាងហោចណាស់ចាក់ជូនប្រជាពលរដ្ឋឱ្យបាន១០លាននាក់ នៅជំហានដំបូង និងដល់ក្មេងអាយុក្រោម ១៨ឆ្នាំ។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ប្រកាសយកចិនធ្វើជាបង្អែកយុទ្ធសាស្ត្រក្នុងការផ្គត់ផ្គង់វ៉ាក់សាំង៕