(កណ្ដាល)៖ គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៃក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១នេះ សហការជាមួយមន្ត្រីស្ថានីយជញ្ជីងខេត្តកណ្ដាល បានចុះឃាត់រថយន្តដើម្បីពិនិត្យ និងថ្លឹងជញ្ជីងចល័តក្រុងតាខ្មៅ ដោយរកឃើញរថយន្តល្មើសចំនួន១១គ្រឿង ដោយពិន័យជាប្រាក់ និងឃាត់ទុកមួយឆ្នាំ ប៉ុន្តែក្នុងនោះមានមួយគ្រឿងត្រឹមផាកពិន័យប៉ុណ្ណោះ។

ប្រតិបត្តិការនេះ ដឹកនាំដោយលោក សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការអចិន្ត្រៃយ៍ត្រួតពិនិត្យរថយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងលោក គីម សាន់ អនុរដ្ឋលេខាធិការ និងជាអនុប្រធាន ព្រមទាំងមានការចូលរួមដោយលោក ជួរ ឈុនឡេង តំណាងប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល។

សេចក្ដីរាយការណ៍បានឲ្យដឹងថា ប្រតិបត្តិការឃាត់រថយន្ដដើម្បីពិនិត្យ និងថ្លឹងជញ្ជីងចល័តនេះ សមត្ថកិច្ចបានរកឃើញរថយន្ដដឹកខ្សាច់ចំនួន១០គ្រឿង ដែលផ្ទុកលើសទម្ងន់កំណត់ និងត្រូវបានបញ្ជូនទៅរក្សាទុកនៅដីឡូត៍មួយកន្លែងនៅក្រុងតាខ្មៅ ដើម្បីអនុវត្តតាមច្បាប់ ហើយមួយគ្រឿងត្រឹមផាកពិន័យជាប្រាក់ប៉ុណ្ណោះ។

យ៉ាងណាមិញ មន្ដ្រីជំនាញបានបញ្ជាក់ថា សម្រាប់រថយន្ដទាំង១០គ្រឿងនេះ បានដឹកខ្សាច់លើសកំណត់២០ភាគរយឡើងទៅ នឹងត្រូវរក្សាទុករយៈពេលមួយឆ្នាំតែម្ដង ដើម្បីជាការពិន័យ។

បើតាមលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងកាលពីពេលថ្មីៗនេះថា ក្រុមការងារនឹងចាត់ការតាមនីតិវិធីដោយគ្មានយោគយល់ខ្សែនរណាឡើយ បើសិនរកឃើញថា រថយន្តដឹកទាំងឡាយណាហ៊ានដឹកលើសទម្ងន់។ សកម្មភាព នៃការចុះប្រតិបត្តិការនេះនឹងធ្វើជាបន្តបន្ទាប់ទូទាំងខេត្តកណ្ដាល និងទូទាំងប្រទេស ដើម្បីរឹតបន្តឹងការដឹកជញ្ជូនឲ្យស្របតាមច្បាប់ ការពារមិនឲ្យមានជនខិលខូចបំផ្លិចបំផ្លាញផ្លូវតាមអំពើចិត្តឡើយ។

គួរជម្រាបជូនថា សកម្មភាព នៃការចុះចាប់រថយន្តល្មើសទម្ងន់នេះ បានធ្វើឡើងនៅ៣ទីតាំង ហើយក្នុងខេត្តកណ្ដាល ដោយទី១៖ នៅស្រុកកណ្ដាលស្ទឹង ដោយធ្វើការពិន័យ និងឃាត់ទុកមួយឆ្នាំទៅលើរថយន្តល្មើសចំនួន៨គ្រឿង, ទី២៖ នៅស្រុកខ្សាច់កណ្ដាល ដោយធ្វើការពិន័យ និងឃាត់ទុកមួយឆ្នាំទៅលើរថយន្តល្មើសចំនួន៨គ្រឿង និងទី៣៖ នៅក្រុងតាខ្មៅ ដោយធ្វើការពិន័យ និងឃាត់ទុកមួយឆ្នាំទៅលើរថយន្តល្មើសចំនួន១០គ្រឿង និងពិន័យតែប្រាក់ទៅលើរថយន្តចំនួន១គ្រឿង។

គួរបញ្ជាក់ដែរ គេសង្កេតឃើញថា ក្រុមរថយន្តដឹកខ្សាច់នៅក្រុងតាខ្មៅនៅថ្ងៃនេះ ហាក់មានភាពស្ងប់ស្ងាត់ដោយដឹងថា ក្រុមការងារក្រសួងសាធារណការ ចុះអនុវត្តន៍ច្បាប់ ខណៈរាល់ដងនៅលើដងវិថីនៃក្រុងតាខ្មៅនេះ ហាក់គគ្រឹកគគ្រេង នៃការដឹកជញ្ជូនខ្សាច់ហាក់បីដូចជាក្រុមឡានដឹកខ្សាច់ទាំងនេះ ជាអធិរាជលើដងផ្លូវយ៉ាងដូច្នោះដែរ។ រថយន្តដឹកខ្សាច់រាប់រយគ្រឿង ដែលកំពុងចរាចរណ៍នៅក្រុងតាខ្មៅ ភាគច្រើនមិនគោរពច្បាប់ចរចារណ៍ឡើយ ហើយឡានភាគច្រើនត្រូវបានគេឃើញថាខុសបច្ចេកទេសថែមទៀតផង៕