(ភ្នំពេញ)៖ មិនត្រឹមតែបានអបអរសាទរ និងកោតស្ញប់ស្ញែងចំពោះសមិទ្ធផលដ៏ធំធេងទាំងឡាយដែលបក្សកុម្មុយនិស្តចិនសម្រេចបានក្នុងរយៈពេល១០០ឆ្នាំកន្លងមកនេះនោះទេ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រមុខបក្សប្រជាជនកម្ពុជា បក្សកាន់អំណាចនៅកម្ពុជា បានប្រកាសប្តេជ្ញាចិត្តដោយឥតងាករ៉េ ក្នុងការពង្រឹង និងធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងរវាងបក្សប្រជាជនកម្ពុជា និងបក្សកុម្មុយនិស្តចិន។

ការបង្ហាញនូវការប្តេជ្ញាចិត្តក្នុងការកសាងឱ្យរឹងមាំនូវទំនាក់ទំនងរវាងបក្សប្រជាជនកម្ពុជា និងបក្សកុម្មុយនិស្តចិនពីសំណាក់សម្តេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើងតាមរយៈលិខិតផ្ញើជូនលោក ស៊ី ជិនពីង អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ដើម្បីចូលរួមអបអរសាទរខួបអនុស្សាវរីយ៍១០០ឆ្នាំ នៃការបង្កើតគណបក្សកុម្មុយនិស្តចិន។

ក្នុងសារលិខិតដែល Fresh News ទទួលបាននៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់លោក ស៊ី ជីនពីង ដែលសម្រេចបាននូវសមិទ្ធផលធំធេងជាច្រើនសម្រាប់បក្ស រដ្ឋ និងប្រជាជនចិន។

សម្តេចតេជោបានលើកឡើងក្នុងលិខិតនោះថា «ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់គណបក្សកុម្មុយនិស្តចិន សាធារណរដ្ឋប្រជាមានិតចិនសម្រេចបាននូវការឯកភាព ភាពសុខដុមរមនា និងវិបុលភាព ទោះបីប្រទេសចិន ជាប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុតនៅលើពិភពលោក និងមានជនជាតិភាគតិចផ្សេងៗគ្នាជាច្រើនក៏ដោយ»

សម្តេចតេជោបន្ថែមថា «ខ្ញុំក៏សូមឆ្លៀតឱកាសនេះសម្តែងនូវការកោតសរសើរអស់ពីដួងចិត្តជូនគណបក្សកុម្មុយនិស្តចិន ចំពោះការប្តេជ្ញាចិត្តយ៉ាងមោះមុត និងការខិតខំប្រឹងប្រែងរអស់រយៈពេលមួយរយឆ្នាំកន្លងមកនេះ។ គណបក្សកុម្មុយនិស្តចិនបានប្រឈមមុខ និងជំនះលើឧបសគ្គជាច្រើន ហើយទីបំផុតបាននាំមកនូវវឌ្ឍនភាព និងវិបុលភាពដ៏ធំធេង ដោយបានផ្លាស់ប្តូរប្រវត្តិសាស្រ្តរបស់ប្រទេស និងជោគវាសនារបស់ប្រជាជនខ្លួន»។

សម្តេចតេជោ ក៏បានគូសរំលេចដែរថា ប្រទេសចិនបានក្លាយជាប្រទេសមានសេដ្ឋកិច្ចលំដាប់ទី២ នៅលើពិភពលោក និងជាប្រទេសកំពុងអភិវឌ្ឍន៍ដំបូងគេបង្អស់ ដែលសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ (អ.ស.ប) ស្តីពីការ លុបបំបាត់ភាពក្រីក្រ មុនកាលកំណត់របស់ អ.ស.ប នៅឆ្នាំ២០៣០។ លើសពីនេះទៅទៀត ប្រទេសចិន សម្រេចបានសមិទ្ធិផលផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាគួរឱ្យកោតស្ញប់ស្ញែង ដែលបានចូលរួមចំណែកយ៉ាងសំខាន់ដល់សន្តិភាព ការអភិវឌ្ឍន៍ និងវិបុលភាពពិភពលោក។

«ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះគោលនយោបាយរបស់គណបក្សកុម្មុយនិស្តចិន ដែលចាត់ទុកប្រជាជនជាស្នូលក្នុងដំណើរការធ្វើសេចក្តីសម្រេចចិត្តនយោបាយ និងគំនិតផ្តួចផ្តើមនានា។ គណបក្សបានខិតខំលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ដោយសម្រេចបាននូវការលុបបំបាត់ភាពក្រីក្រ និងកសាងសង្គមរីកចម្រើនមធ្យមលើគ្រប់វិស័យ។ បច្ចុប្បន្នគណបក្សកុម្មុយនិស្តចិនបាន និងកំពុងប្តេជ្ញាចិត្ត និងខិតខំកសាងសង្គមនិយមដែលមានចរិកលក្ខណៈចិន សម្រាប់យុគសម័យថ្មី»។ សម្តេចតេជោបន្ថែម។

សម្តេចតេជោ ហ៊ុន សែន ដែលជាដៃគូដ៏ជិតស្និទ្ធក្នុងការកសាងទំនាក់ទំនងជាមួយនឹងប្រទេសចិន ទាំងក្របខណ្ឌបក្ស និងរដ្ឋនាពេលបច្ចុប្បន្ននេះ បានបង្ហាញជំនឿយ៉ាងមុតមាំចំពោះជោគជ័យដ៏ធំធេងរបស់គណបក្សកុម្មុយនិស្តចិន ក្នុងការធ្វើកំណែទម្រង់ស៊ីជម្រៅមានលក្ខណៈជាប្រព័ន្ធទូលំទូលាយ និងគ្រប់ជ្រុងជ្រោយ ដែលបានលើកកម្ពស់ការអភិវឌ្ឍ
សេដ្ឋកិច្ច ប្រកបដោយគុណភាពខ្ពស់ និងបានផ្តល់ទិសដៅច្បាស់លាស់ដល់គោលនយោបាយថ្មីសម្រាប់ការអភិវឌ្ឍជាតិ ។

ក្នុងនាមគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះមាគ៌ានៃការអភិវឌ្ឍប្រកបដោយសន្តិភាព និងគំនិតផ្តួចផ្តើម ដើម្បីកសាងសហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិ ដែលបានជំរុញ និងផ្សព្វផ្សាយនូវនយោបាយការទូតប្រកបដោយភាពឈ្លាសវៃរបស់ចិន និងបានជះឥទ្ធិពលដល់អនាគតនៃទំនាក់ទំនងអន្តរជាតិ។ ក្នុងបរិបទនេះ ប្រទេសចិន បានលើកកម្ពស់ពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងដើម្បីកែលម្អប្រព័ន្ធអភិបាលកិច្ចពិភពលោក តាមរយៈការធ្វើកំណែទម្រង់នានា។

សម្តេចតេជោ បានបង្ហាញនូវការប្តេជ្ញាចិត្តកសាងទំនាក់ទំនងជាមួយនឹងបក្សកុម្មុយនិស្តចិនយ៉ាងដូច្នេះថា «ខ្ញុំសូមធ្វើការប្តេជ្ញាចិត្តដោយឥតងាករ៉េ ក្នុងការពង្រឹង និងធ្វើឲ្យស៊ីជម្រៅនូវទំនាក់ទំងយ៉ាងជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំ រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សកុម្មុយនិស្តចិន គ្រប់ជាន់ថ្នាក់»។

សម្តេចតេជោប្រមុខបក្សប្រជាជនកម្ពុជា ក៏បានកោតសរសើរយ៉ាងខ្លាំងចំពោះគំរូថ្មីរបស់គណបក្សកុម្មុយនិស្តចិន អំពីទំនាក់ទំនងរវាងគណបក្ស និងគណបក្ស តាមរយៈការលើកកម្ពស់ការគោរពគ្នាទៅវិញទៅមក ការរៀនសូត្រពីគ្នាទៅវិញទៅមក និងការស្វែងយល់ពីចំណុចរួម ដោយទុកភាពខុសគ្នានៅដោយឡែក។

សម្តេចតេជោ ក៏បានបង្ហាញនូវការកត់សម្គាល់ផងដែរថាគណបក្សកុម្មុយនិស្តចិន កំពុងបន្តលើកកម្ពស់ការយោគយល់គ្នា និងការជឿទុកចិត្តគ្នាទៅវិញទៅមកក្នុងចំណោមបណ្តាប្រទេស គណបក្សនយោបាយនានា និងប្រជាជន ដើម្បីសន្តិភាព និងវិបុលភាពសាកល។ គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវបានក្លាយជាគំរូ និងវេទិកាថ្មីនៃកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដែលរួមចំណែកដល់ការឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។ សកម្មភាពនានា និងគំនិតផ្តួចផ្តើមខាងលើបានធ្វើឲ្យប្រទេសចិនទទួលបានការគោរព និងកោតសរសើរទូទាំងពិភពលោក។

សម្តេចតេជោ មានជំនឿយ៉ាងមុតមាំថា គណបក្សកុម្មុយនិស្តចិននឹងសម្រេចបាននូវគោលដៅ ១០០ ឆ្នាំទី២ របស់ខ្លួនក្នុងការកសាងប្រទេសសង្គមនិយមដ៏ទំនើប រុងរឿង ខ្លាំងក្លា ប្រជាធិបតេយ្យ វប្បធម៌ជឿនលឿន និង
សុខដុមរមនានៅឆ្នាំ២០៤៩៕