Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមអ្នកសារព័ត៌មាន និងនិស្សិតនានា នឹងទៅកាន់វេទិការបស់លោក កឹម សុខា នៅថ្ងៃស្អែក ដើម្បីសុំការបកស្រាយជុំវិញរឿងអាស្រូវ

19-03-2016 15:30

(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យ ទី២០ ខែមីនា ឆ្នាំ២០១៦ ស្អែកនេះ តាមគម្រោង លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ នឹងជួបជាមួយ សកម្មជនមូលដ្ឋាននៅក្នុង «វេទិកាសកម្មជនមូលដ្ឋាន» នៅភូមិទ្រាំង សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ នៅទីនោះក្រុមអ្នកសារព័ត៌មាន និងនិស្សិតមួយចំនួនបាននិយាយថា ពួកគេនឹងធ្វើដំណើរឆ្ពោះទៅកាន់វេទិកានេះ ដើម្បីចង់បានការបកស្រាយពី លោក កឹម សុខា ជុំវិញការផ្ទុះឡើងនូវរឿងអាស្រូវផ្លូវភេទ។

តាមលិខិតគោរពជូនអភិបាលខេត្តពោធិ៍សាត់របស់លោក ស្រី ចំរើន តំណាងនិស្សិតនានានៅរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃស្អែកក្រុមនិស្សិតរបស់លោក ប្រមាណ៥០នាក់ នឹងជួបជុំគ្នានៅចំណុចភូមិទ្រាំង សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ វេលាម៉ោងប្រមាណ៨៖០០ព្រឹក ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៦ ដើម្បីសុំជួបលោក កឹម សុខា ឲ្យបកស្រាយការពិតជូនក្រុមយុវជន និងនិស្សិត។

សូមជំរាបថា លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ នឹងចុះទៅសំណេះសំណាលជាមួយ ប្រជាពលរដ្ឋខ្មែរ នៅភូមិទ្រាំង សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៦ ស្អែកនេះ នេះបើតាមការជូនដំណឹង នៅលើ Facebook លោក កឹម សុខា។

ការចុះសួរសុខទុក្ខ និងសំណេះសំណាល ជាមួយប្រជាពលរដ្ឋនាពេលនេះ ធ្វើឡើងបន្ទាប់ពីលោកប្រធានស្តីទី និងថ្នាក់ដឹកនាំ គណបក្សសង្រ្គោះជាតិ បានទៅចូលរួមប្រជុំជាមួយលោក សម រង្ស៊ី នៅប្រទេសហ្វីលីពីន៕