(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា បានផ្ញើសារលិខិតមួយច្បាប់ជូនទៅលោក Xi Jinping អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ដើម្បីចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី ១០០ នៃថ្ងៃបង្កើតគណបក្សកុម្មុយនិស្តចិន។
ក្នុងសារលិខិតធ្វើឡើងកាលពីថ្ងៃទី២៥ ខែមិថុនា ដែល Fresh News ទទួលបាននៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១នេះ សម្តេច ហ៊ុន សែន បានគូសរំលេចថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់គណបក្សកុម្មុយនិស្តចិន សាធារណរដ្ឋប្រជាមានិតចិន សម្រេចបាននូវការឯកភាព ភាពសុខដុមរមនា និងវិបុលភាព ទោះបីប្រទេសចិន ជាប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុតនៅលើពិភពលោក និងមានជនជាតិភាគីតិចផ្សេងៗគ្នាជាច្រើនក៏ដោយ។
សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះគោលនយោបាយរបស់គណបក្សកុម្មុយនិស្តចិន ដែលចាត់ទុកប្រជាជនជាស្នូលក្នុងដំណើរការធ្វើសេចក្ដីសម្រេចចិត្តនយោបាយ និងគំនិតផ្ដួចផ្ដើមនានា។
សម្តេចតេជោបន្តថា គណបក្សបានខិតខំលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ដោយសម្រេចបាននូវការលុបបំបាត់ភាពក្រីក្រ និងកសាងសង្គមរីកចម្រើនមធ្យមលើគ្រប់វិស័យ។ បច្ចុប្បន្នគណបក្សកុម្មុយនីស្ដចិន បាននិងកំពុងប្ដេជ្ញាចិត្ត និងខិតខំកសាងសង្គមនិយមដែលមានចរិកលក្ខណៈចិន សម្រាប់យុគសម័យថ្មី។
សម្តេចតេជោ ហ៊ុន សែន តំណាងឱ្យគណបក្សប្រជាជនកម្ពុជា បានកោតសរសើរយ៉ាងខ្លាំងចំពោះគំរូថ្មីរបស់គណបក្សកុម្មុយនីស្តចិន អំពីទំនាក់ទំនងរវាងគណបក្ស និងគណបក្ស តាមរយៈការលើកកម្ពស់ការគោរពគ្នាទៅវិញទៅមក ការរៀនសូត្រពីគ្នាទៅវិញទៅមក និងការស្វែងយល់ពីចំណុចរួម ដោយទុកភាពខុសគ្នានៅដោយឡែក៕