(បន្ទាយមានជ័យ)៖ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ អាត់ ខែម បានដឹកនាំកម្លាំងនគរបាលជាច្រើននាក់ ចុះល្បាតការពារសន្តិសុខ និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋតាមមូលដ្ឋាន ទាំងយប់នៅក្រុងសិរីសោភ័ណ និងស្រុកមង្គលបូរី ព្រមទាំងការជួយអន្តរាគមន៍ភ្លាមៗ នៅពេលមានបទល្មើសអ្វីមួយកើតឡើងនៅតាមភូមិឋានទាំងនោះ។
ជាក់ស្តែងនៅយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦ ខណៈលោកឧត្តមសេនីយ៍ស្នងការ ដឹកនាំកម្លាំងនគរបាលចុះល្បាតដល់ឃុំសំបួរ ផ្នែកខាងក្រោមនៃស្រុក មង្គលបូរីនោះ ស្រាប់តែមានព័ត៌មានថា ប្រជាពលរដ្ឋនៅភូមិស្រណាល បានបាត់គោចំនួន៦ក្បាល មិនដឹងជាទៅណា។
ក្រោយពេលទទួលបានព័ត៌មានខាងលើនេះភ្លាម លោកឧត្តមសេនីយ៍ អាត់ ខែម បានសម្រេចចិត្តសម្រាកនៅទីនោះមួយយប់ដើម្បីដោះស្រាយបញ្ហា និងជួយស្វែងរកគោជូនប្រជាពលរដ្ឋវិញ។ លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា «យើងបានជួយស្វែងរកគោជូនប្រជាពលរដ្ឋ នៅតាមគោលដៅនានា ស្រាប់តែឃើញគោពួកគាត់ នៅប្រហែល២គីឡូម៉ែត្រពីភូមិ ចំនួន៥ក្បាល នៅសល់មួយក្បាលទៀត កម្លាំងយើងកំពុងស្វែងរកបន្តទៀត»។
សម្រាប់គោទាំង៥ក្បាលនេះ ត្រូវបានលោកស្នងការបានប្រគល់ជូនម្ចាស់គោវិញហើយ និងបានណែនាំពួកគាត់ឲ្យមានការប្រុងប្រយ័ត្ននៅពេលលើកក្រោយ។
តែសម្រាប់ប្រជាពលរដ្ឋនៅតំបន់នោះ វាជាទម្លាប់ទៅហើយដែលពួកគាត់បានព្រលែងទៅវាល ប៉ុន្តែនៅពេលបាត់គឺមានការភ័យយ៉ាងដូច្នេះតែម្តង។ ប្រជាពលរដ្ឋ និងអ្នកភូមិបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកឧត្តមសេនីយ៍ស្នងការ និងកម្លាំងនគរបាលដែលបានខិតខំប្រឹងប្រែងជួយស្វែងរកគោជូនពួកគាត់វិញ៕