(សៀមរាប)៖ យុវជនមួយក្រុមមកពីសាកលវិទ្យាល័យមួយចំនួនទាំងនៅរាជធានីភ្នំពេញ និងក្រុងសៀមរាប ដោយរួមទាំងសង្គមស៊ីវិលផង នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៦ នេះបានចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការថតរូប ថតវីដេអូ និងការកាត់តរូបភាពដោយប្រើស្មាតហ្វូន (Smart Phone) ក្រោមប្រធានបទ សៀមរាបស្អាត អង្គរសង្ក្រាន្តអស្ចារ្យ ដើម្បីជួយលើកស្ទួយព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០១៦នេះ។
លោក សោម រតនា ប្រធានក្រុមការងារទំនាក់ទំនងសាធារណៈនៃព្រឹត្តិការណ៍អង្គរសង្រ្កាន្តបាននិយាយថា វគ្គនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់អ្នកចូលរួមជាយុវជន ដែលបានយល់ដឹងពីរបៀបថតរូប ថតវីដេអូ និងការកាត់តវីដេអូតាមស្មាតហ្វូន ដើម្បីថតរូបភាពទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិឲ្យមកទស្សនាអង្ករវត្តនាព្រឹត្តិការណ៍អង្គរសង្រ្កាន្ត។
លោក បានបញ្ជាក់ថា«ការចូលរួមចំណែករបស់យុវជននៅថ្ងៃនេះ គឺជាការរួមចំណែកមួយដ៏សំខាន់ ហើយក៏ជាប្រវត្តិសាស្រ្តដែរ ដែលអ្នកចូលរួមបានចូលរួមលើកស្ទួយព្រឹត្តិការណ៍អង្ករសង្រ្កាន្ត ដោយបង្កើតបរិយាកាសល្អ ឲ្យសាធារណជនបានដឹង និងចូលរូមសម្រាប់កម្ពុជាទាំងមូល ហើយការចូលរួមនេះបង្ហាញថា ព្រឹត្តិការណ៍អង្គរសង្រ្កាន្តជាកម្មសិទ្ធិរបស់ប្អូនៗជាយុវជន ក៍ដូចជាប្រជាជនកម្ពុជាទាំងមូល»។
គួរបញ្ជាក់ថា វគ្គនេះមានរយៈពេលពីរថ្ងៃគឺថ្ងៃទី១៩ - ២០ មីនា នៅសណ្ឋាគារ Royal Villa Angkor នៅក្រុងសៀមរាប ខេត្តសៀមរាប ដែលប្រធានបទរួមមាន របៀបថតរូប ថតវីដេអូ និងកាត់តវីដេអូតាមស្មាតហ្វូន (Smart Phone) និងការអនុវត្តជាក់ស្តែង ព្រមទាំងក្រមសីលធម៌ ច្បាប់ ប្រពៃណី និងភាពជាឯកជនទាក់ទិននឹងការផ្សាយរូបភាពនិងរូបវីដេអូតាមបណ្តាញព័ត៌មានសង្គម ពិសេសតាមហ្វេសប៊ុក។
យុវជនប្រមាណ៣០នាក់ដែលចូលរួមក្នុងវគ្គនេះមកពីដេប៉ាតឺម៉ងផ្សេងៗគ្នានៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យបញ្ញាសាស្រ្ត សាកលវិទ្យាល័យប៊ៀលប្រាយ សាកលវិទ្យាល័យពុទ្ធិសាស្រ្ត សាកលវិទ្យាល័យនីតិសាស្រ្ត និងសេដ្ឋកិច្ច ព្រមទាំងយុវជនមកពីអង្គការសង្គមស៊ីវិលផងដែរ។
កាលពីឆ្នាំកន្លងទៅ ក្រុមការងារទំនាក់ទំនងសាធារណៈបានបណ្តុះបណ្តាលអ្នកសារព័ត៌មានចំនួន៣០រូបផងដែរ ស្តីពីការយកព័ត៌មានបែបវប្បធម៌ ប្រពៃណី ដើម្បីចូលរួមព្រឹត្តិការណ៍អង្គរសង្រ្កាន្ត៕