(ភ្នំពេញ)៖ លោក ជា ពិសី ប្រធានគណៈបញ្ជាការឯកភាពខណ្ឌឬស្សីកែវ បានដាក់ចេញផែនការមួយចំនួន ដើម្បីឱ្យមន្ត្រីចូលរួមអនុវត្ត ពាក់ព័ន្ធការងារប្រមូលសំរាម ពង្រឹងការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ពិសេសការងារទប់ស្កាត់ជម្ងឺកូវីដ-១៩។
ប្រធានគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ បានដាក់ចេញផែនការយ៉ាងដូច្នេះ គឺធ្វើឡើងនៅក្នុងកិច្ចប្រជុំ ដោយមានការចូលរួមពីលោក-លោកស្រី អភិបាលរងខណ្ឌ, នាយក-នាយករងរដ្ឋបាលខណ្ឌ, អធិការរងនគរបាលខណ្ឌ មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ, ប្រធាន-អនុប្រធាន និងមន្រ្តីការិយាល័យចំណុះរដ្ឋបាលខណ្ឌ, ចៅសង្កាត់ នៃសង្កាត់ទាំង៧ ព្រមទាំងសណ្តាប់ធ្នាប់ខណ្ឌ សរុបចំនួន២៣នាក់ នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១។
ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌប្ញស្សីកែវនេះ, លោក ជា ពិសី បានគូសបញ្ជាក់ដោយផ្តោតលើរបៀបវារៈ ចំនួន៤ រួមមាន៖
*ទី១៖ ការចុះជួយសហការជាមួយ ក្រុមហ៊ុនប្រមូលសំរាម 800 SUPER ក្នុងមូលដ្ឋានសង្កាត់ទាំង៧
*ទី២៖ ពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់ បញ្ហាឆក់ប្លន់ បញ្ហាល្បែងស៊ីសង គ្រឿងញៀន បញ្ហាអនាម័យ និងវិធានការបង្ការនឹងទប់ស្កាត់ជម្ងឺកូវីដ-១៩ ក្នុងមូលដ្ឋានខណ្ឌប្ញស្សីកែវ
*ទី៣៖ ពង្រឹងការងារចុះល្បាតក្នុងមូលដ្ឋាន
*ទី៤៖ ពិនិត្យ និងតាមដាន មិនអោយមានការបើកលក់ដូរអាណាធិបតេយ្យ និងផ្សារក្រមួន តាមផ្លូវសាធារណៈ នៅក្នុងមូលដ្ឋាន៕