(បាត់ដំបង)៖ នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ដឹកនាំដោយលោកបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត លោក លោកស្រីគណៈកម្មាធិការសាខា អនុសាខា ដោយមានការអញ្ជើញចូលរួមជាអនុសាខាស្រុកឯកភ្នំ បានអញ្ចើញចុះសួរសុខទុក្ខ និងសំណេះសំណាលព្រមទាំងនាំយក អំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ផ្តល់ ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន១៦គ្រួសារធ្ងន់ធ្ងរ ក្នុងនោះធ្ងន់៤គ្រួសារ ប៉ះពាល់លើឃុំចំនួន៣គឺឃុំព្រែកខ្ពប ឃុំព្រែកហ្លូង និងឃុំព្រែកនរិន្ទ ស្រុកសង្កែ។
នាឱកាសនោះ លោកបណ្ឌិត ប៊ុត គឹមស៊ាន បានផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខ ប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។
លោកសូមចូលរួមធ្វើការសោកស្តាយជាមួយបងប្អូនដែលបានបាត់បង់ជីវិត រងរបួស និងប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ ធ្វើឲ្យខូចខាតទ្រព្យ សម្បត្តិរួមមានរលំផ្ទះ និងរបើកដំបូល នាពេលនេះ និងបានផ្តាំផ្ញើសូមឲ្យមានការប្រុងប្រយ័ត្ន នៅពេលភ្លៀងត្រូវរកកន្លែងមានសុវត្ថិភាពជ្រក ហើយត្រូវបិទទូរស័ព្ទ ចៀសវាងគ្រោះថ្នាក់កើតឡើងជាយថាហេតុ ពិសេសចូលរួមគោរពចរាចរណ៍ផ្លូវគោក និងថែររក្សាសុខភាព អនាម័យជាប្រចាំតាមការណែនាំរបស់ក្រសួងសុខាភិបាល ចៀសផុតពីជំងឺកូវីដ១៩ និងបង្កាកុំឲ្យរីករាលដាលឆ្លងក្នុងសហគមន៍ទាំងអស់គ្នា៕