(ភ្នំពេញ)៖ ធនាគារជាតិ នៃកម្ពុជា បានលើកឡើងថា ការប្រើប្រាស់រូបិយវត្ថុជាតិកាន់តែច្រើន អាចអនុញ្ញាតឲ្យរាជរដ្ឋាភិបាលគ្រប់ គ្រងថវិកាបានកាន់តែប្រសើរ ដើម្បីបំពេញតម្រូវការក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងសុខុមាលភាពសង្គម។
តាមរយៈទំព័រ Facebook របស់ខ្លួននៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៦នេះ ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា បច្ចុប្បន្នរាជរដ្ឋាភិបាលធ្វើការប្រមូលចំណូលជាប្រាក់រៀល ប៉ុន្តែចំណាយលើហេដ្ឋារចនាសម្ព័ន្ធ និង គម្រោងអភិវឌ្ឍន៍ផ្សេងៗទៀតភាគច្រើន ជាប្រាក់ដុល្លារអាមេរិក។ និន្នាការផ្ទុយគ្នាទៅលើការចរាចរណ៍ក្រដាស់ប្រាក់នេះ ត្រូវបានធនាគារអះអាងថា ជាឧបសគ្គសម្រាប់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងថវិកាឲ្យមានប្រសិទ្ធភាព។
ធនាគារជាតិបានគូសបញ្ជាក់ថា ការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើឲ្យថវិការដ្ឋមានភាពប្រសើរឡើង និង កាត់បន្ថយការដាក់កំហិតលើគោលនយោបាយសារពើពន្ធ។ ប្រសិនបើនៅលើទីផ្សារមានការប្រើប្រាស់ប្រាក់រៀលកាន់តែច្រើន រាជរដ្ឋាភិបាលអាចពិចារណាចេញផ្សាយមូលបត្រចារឹកប្រាក់រៀល ដើម្បីគ្រប់គ្រងថវិកា ក៏ដូចជាផ្តល់ហិរញ្ញប្បទាន លើគម្រោងអភិវឌ្ឍន៍នានា ហើយលទ្ធភាពក្នុងការគ្រប់គ្រងហិរញ្ញប្បទានក្នុងស្រុក នឹងអាចជួយឲ្យកម្ពុជាកាត់បន្ថយការពឹងផ្អែកលើបំ ណុលបរទេស ។