(បន្ទាយមានជ័យ)៖ ដោយអនុវត្តន៍បទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ, នៅថ្ងៃពុធ ទី៣០ ខែមិថុនា ឆ្នាំ២០២១ នៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានរៀបចំការយកសំណាកធ្វើតេស្ដរហ័ស (Rapid test) ដល់នាយទាហាន នាយទាហានរង និងពលទាហាន មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត និងកម្លាំងដែលកំពុងឈរជើងតាមគោលដៅក្នុងភូមិសាស្ត្រ ក្រុងប៉ោយប៉ែតចំនួន៩៨នាក់ ក្នុងនោះនារី០២នាក់ផងដែរ ដើម្បីរកមេរោគកូវីដ១៩។
ការធ្វើតេស្តយកសំណាកនេះ ធ្វើឡើងដោយក្រុមគ្រូពេទ្យបង្អែកក្រុងប៉ោយប៉ែត ជាលទ្ធផលវិជ្ជមានចំនួន ២នាក់ ហើយត្រូវបានបញ្ជូនទៅមណ្ឌលព្យាបាលប៉ារ៉ាម៉ា ស្ថិតក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្រោយពីបញ្ចប់ការធ្វើតេស្ត លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានផ្ដាំផ្ញើដល់កងកម្លាំងដែលអវិជ្ជមានទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់បំផុត គឺអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល «៣ការពារ និង៣កុំ» ព្រមទាំងអនុវត្តវិធានការផ្សេងៗ ដែលដាក់ចេញដោយក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួនផងដែរ៕