(បាត់ដំបង)៖ នៅរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ លោក Mikami MASAHIRO ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា, លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានអញ្ជើញចុះពិនិត្យមើលសាលាមត្តេយ្យ ក្រុងបាត់ដំបង ដែលជាអាគាមត្តេយ្យសិក្សាធនធាន ស្ថិតនៅក្នុងគម្រោងសាលាមត្តេយ្យសិក្សាធនធានគម្រូ ផ្តោតលើបណ្ណាល័យក្នុងខេត្តបាត់ដំបង ដែលជាអំណោយនៃប្រជាជនជប៉ុន និងវិទ្យាស្ថានគរុកោសល្យភូមិភាគបាត់ដំបងផងដែរ។

ក្នុងឱកាសនេះ ឯកអគ្គរាជទូត Mikami MASAHIRO អគ្គបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន និងលោក ងួន រតនៈ ព្រមទាំងគណៈប្រតិភូ ក៏បានអញ្ជើញពិនិត្យដំណើរការរៀន និងបង្រៀនតាមប្រព័ន្ធអនឡាញ ជូនដល់កុមារា-កុមារី ដែលកំពុងរៀនពីផ្ទះក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ១៩ផងដែរ៕