(បន្ទាយមានជ័យ)៖ លោក អ៉ំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងជំងឺកូវី១៩ លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត និងលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១នេះ បានអញ្ជើញចុះត្រួតពិនិត្យ បើកដំណើរការចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋ ព្រះសង្ឃ និងកម្មករ-កម្មការិនីប្រមាណ៦០០០០នាក់ ក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត។

គោលដៅ ដែលរដ្ឋបាលខេត្ត បានរៀបចំជូននោះមាន៩គោលដៅ រួមមាន៖

*ទី១៖ ស្ថានីយរថភ្លើង២ក្រុម
*ទី២៖ មណ្ឌលសំចត២ក្រុម
*ទី៣៖ វត្តផ្សារកណ្តាល ២ក្រុម
*ទី៤៖ វត្តរស្មីទួលពង្រ ២ក្រុម
*ទី៥៖ សាលារៀនបឋមសិក្សាស្រះត្រាចនិមិត្ត ២ក្រុម
*ទី៦៖ វត្តនិមិត្តសុធីរាមកូនដំរី ១ក្រុម
*ទី៧៖ វត្តត្រាច ២ក្រុម
*ទី៨៖ សាលាបឋមសិក្សាអូរឬស្សី ២ក្រុម
*ទី៩៖ ទល់មុខសាលាក្រុង ១ក្រុម។

ឆ្លៀតក្នុងឱកាសនោះ លោក អ៉ំ រាត្រី បានជម្រាបជូនប្រជាពលរដ្ឋ មន្ត្រីរាជការ និងកម្មករ-កម្មការិនីទាំងអស់ថា វ៉ាក់សាំងដែលចាក់ជូនបងប្អូនយើងនាពេលនេះ គឺជាការផ្តល់ជូនពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលសម្តេចបានខិតខំគ្រប់បែបយ៉ាង ដើម្បីរកវ៉ាក់សាំង និងបានដាក់ចេញវិធានការ សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់យើងឱ្យបានគ្រប់ៗគ្នា ដូច្នេះហើយបងប្អូនត្រូវគោរពដឹងគុណចំពោះសម្តេច។

ក្នុងនាមរដ្ឋបាលខេត្ត និងបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមគោរពថ្លែងអំណរគុណ និងជូនពរសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួនខ្លាំងក្លា បញ្ញាញាណវាងវៃ ជន្មាយុយឺនយូរ និងទទួលបានជោគជ័យត្រចះត្រចង់ក្នុងដឹកនាំប្រទេសជាតិឲ្យមានការរីកចម្រើន។

ក្នុងនាមអាជ្ញាធរខេត្ត លោកបានដាក់ចេញនូវផែនការលម្អិត ដោយចាត់ក្រុមគ្រូពេទ្យ កម្លាំង និងក្រុមការងារយុវជន ដើម្បីចាត់ចែងទទួលរៀបចំ ប្រជាពលរដ្ឋ មន្ត្រីរាជការ និងកម្មករ-កម្មការិនី ឱ្យមានសណ្តាប់ធ្នាប់ ស្របតាមវិធានការណ៍ «៣ការពារ និង៣កុំ» របស់សម្តេចតេជោ ព្រមទាំងការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីកាត់បន្ថយការឆ្លងជំងឺកូវីដ១៩ និងអាចជួយពន្លឿន ដល់ការចាក់វ៉ាក់សាំងបានកាន់តែលឿន និងបានជ្រាបចូលក្នុងខ្លួនប្រជាពលរដ្ឋ បានឆាប់រហ័ស៕