(ឧត្តរមានជ័យ)៖ «ឃើញឡានសង្រ្គោះបន្ទាន់មកចតនៅមុខផ្ទះ ធ្វើឲ្យខ្ញុំមានអារម្មណ៍មួយថាខ្លួនឯង គឺជាឃាតកសម្លាប់គ្រួសារខ្លួនឯងទាំងស្រុង»។ នេះជាសារចាត់ដោតមួយដែលបុរសម្នាក់រស់នៅភូមិស្រះស្រង់ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ បានបង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេកប៊ុក ដើម្បីជាការដាស់តឿនឲ្យមានការប្រុងប្រយ័ត្នទាំងអស់គ្នា ការពារខ្លួន និងមនុស្សជាទីស្រឡាញ់ពីជំងឺកូវីដ១៩។
លោក ព្លេន វុធី អាយុ៣៦ឆ្នាំ ដែលប្រើប្រាស់អាខោនហ្វេកប៊ុកឈ្មោះ «ព្លេន វុធី ឧត្តរមានជ័យ» បានរៀបរាប់ឲ្យអ្នកយកព័ត៌មាន Fresh News ប្រចាំខេត្តឧត្តរមានជ័យ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១នេះថា លោកជាមន្ត្រីរាជការនៅសាលាស្រុកបន្ទាយអំពិល។ លោកមានភរិយាឈ្មោះ ដឿម ដូន អាយុ៣១ឆ្នាំ និងមានកូន៣នាក់ បច្ចុប្បន្នកូន២នាក់ រស់នៅជាមួយលោក និងម្នាក់ទៀតរស់នៅជាមួយជីដូន។
លោក ព្លេន វុធី បានរៀបរាប់ទៀតថា មូលហេតុដែលលោកបង្ហោះសារតាមបណ្តាញសង្គមហ្វេកប៊ុកបែបនេះ គឺបន្ទាប់ពីឃើញរថយន្តសង្គ្រោះបន្ទាន់របស់ពេទ្យ បានមកឈប់មុខផ្ទះរបស់លោក ហើយដឹករូបលោក និងក្រុមគ្រួសារទៅខេត្ត ដើម្បីយកទៅធ្វើតេស្តរហ័សរកជំងឺកូវីដ១៩ ដែលរូបភាពទាំងនេះ ធ្វើឲ្យលោកទប់ទឹកភ្នែកមិនបាន ទើបបង្ហោះសារតាមហ្វេកប៊ុកតែម្តង។
មន្រ្តីរាជការរូបនេះបន្តថា មូលហេតុលោក និងក្រុមគ្រួសារ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់របស់ពេទ្យដឹកយកទៅធ្វើតេស្តរកជំងឺកូវីដ១៩ បន្ទាប់ពីរូបលោកផ្ទាល់ បានទៅជួបប្រាស្រ័យទាក់ទងជាមួយអ្នកមានជំងឺកូវីដ១៩ម្នាក់ ដោយមិនដឹងខ្លួន ហើយត្រឡប់មកផ្ទះវិញប៉ុន្មានថ្ងៃក៏មានអាការៈ ផ្តាសាយ ក្អក ហៀសំបោទាំងអស់គ្នានៅក្នុងគ្រួសារ តែសំណាងល្អតេស្តលើកទី១របស់លោក និងក្រុមគ្រួសារ អវិជ្ជមានទាំងអស់គ្នា ហើយគ្រូពេទ្យតម្រូវឲ្យធ្វើចត្តាឡីស័ក១៤ថ្ងៃនៅផ្ទះ។
ជាមួយគ្នានេះដែរលោក ព្លេន វុធី ក៏បានថ្លែងប្រាប់ទៀតថា «នេះគ្រាន់តែជាសារ ដើម្បីផ្ញើរជូនបងប្អូនជនរួមជាតិទាំងអស់ ចូលរួមការពារក្រុមគ្រួសាររបស់ខ្លួន និងអ្នកជាទីស្រឡាញ់ឲ្យចៀសផុតពីជំងឺកូវីដ១៩ទាំងអស់គ្នា»៕