(កំពង់ឆ្នាំង)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសតែងតាំងលោក ស៊ុន សុវណ្ណារិទ្ធិ ជាអភិបាលខេត្តកំពង់ឆ្នាំង និងផ្ទេរភារកិច្ចលោក នៃ ចារី ពីអភិបាលរងខេត្តកណ្តាល ទៅជាអភិបាលរងខេត្តកំពង់ឆ្នាំង។
ពិធីប្រកាសតែងតាំងអភិបាលខេត្តកំពង់ឆ្នាំងខាងលើនេះ ប្រព្រឹត្តទៅនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីសាលាខេត្ត សរុបប្រមាណ៧០នាក់ ដែលពិធីនេះប្រព្រឹត្តទៅនៅសាលាខេត្តកំពង់ឆ្នាំង។
លោក ស៊ុន សុវណ្ណារិទ្ធិ បានប្ដេជ្ញាចិត្តអនុវត្តឲ្យបានខ្ជាប់ខ្ជួន និងត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញច្បាប់ គោលនយោបាយនិងលិខិតបទដ្ឋានគតិយុត្តនានា ព្រមទាំងគោលការណ៍ចាត់តាំង និងដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងម ហាផ្ទៃ និងគោរពតាមការណែនាំចង្អុលបង្ហាញរបស់សម្តេចប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះខេត្តកំពង់ឆ្នាំង និងសហការជិតស្និទ្ធជាមួយក្រសួងស្ថាប័ននានា សំដៅសម្រេចឱ្យបានជា ដាច់ខាតនូវសុខសន្តិភាព សេ្ថរភាពនិងការអភិវឌ្ឍសង្គម សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ប្រតិបត្តិជាប្រចាំនូវយុទ្ធនាការលុបបំបាត់គ្រឿងញៀន និងនៅរាល់បទល្មើសផ្សេងៗ ដូចជា ការបំផ្លិចបំផ្លាញព្រៃឈើ ធនធានធម្មជាតិ និងបទល្មើសនេសាទជាដើម និងខិតខំអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព។
សូមជម្រាបថា ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងលោក ស៊ុន សុវណ្ណារិទ្ធិ ជាអភិបាលខេត្តកំពង់ឆ្នាំង ជំនួសលោក ឈួរ ច័ន្ទឌឿន ដែលត្រូវតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ៕