(បាត់ដំបង)៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង ក្រោយទទួលបានព័ត៌មាន ពីប្រជាពលរដ្ឋក្នុងមូលដ្ឋានថា មានមនុស្សគួរសង្ស័យ បានចេញចូល និងស្នាក់នៅ នាថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០១៦ រួចមកលោកឧត្តមសេនីយ៍ទោ ស ថេត ស្នងការនគរបាលខេត្តបាត់ដំបង បានស្នើសុំការអនុញ្ញាតិពីលោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង ដើម្បីធ្វើការឆែកឆេរ បន្ទប់ក្នុងផ្ទះសំណាក់មួយកន្លែង ស្ថិតក្នុងសង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង រកឃើញគ្រឿងញៀន ប្រភេទកេតាម៉ីន K ទម្ងន់ ៩៦៣.៩៧ក្រាម។
ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកព្រះរាជអាជ្ញា នួន សាន លោកស្នងការ បានដឹកនាំកម្លាំងនគរបាលជំនាញ ដែលមានលោកវរ:សេនីយ៍ឯក កុយ ហៀង ស្នងការរងទទួលផែនប្រឆាំង បទល្មើសគ្រឿងញៀន ព្រមទាំងអាជ្ញាធរមូលដ្ឋាន ចុះធ្វើការត្រួតពិនិត្យបន្ទប់មួយ ក្នុងផ្ទះសំណាក់មួយកន្លែង ដោយរកឃើញសំភារៈមួយចំនួន ដែលមានការវេចខ្ចប់ គ្រឿងញៀនប្រភេទ (កេតាម៉ីនKទម្ងន់ ៩៦៣.៩៧ ក្រាម) ប៉ុន្តែពុំឃើញមានជនល្មើសស្នាក់នៅ ក្នុងបន្ទប់មួយនោះទេ។
តាមការសន្និដ្ឋាន របស់សមត្ថកិច្ចជំនាញ បានឲ្យដឹងថា គ្រឿងញៀនទាំងនេះ ជនល្មើសបម្រុងយកមកជួញដូរក្នុងមូលដ្ឋាន ប៉ុន្តែត្រូវបានសមត្ថកិច្ចរឹបអូសបានទាន់ពេល ដែលជនសង្ស័យក្នុងករណីនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ដោយយកចិត្តទុកដាក់បំផុត។
ក្នុងនាមស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន បន្តចូលរួមផ្តល់ព័ត៌មានតាមគ្រប់មធ្យោបាយ ដល់សមត្ថកិច្ចដើម្បីធ្វើការបង្ក្រាបករណីគ្រឿងញៀននេះ និងសូមថ្លែងអំណរគុណ ចំពោះប្រជាពលរដ្ឋល្អ ដែលបានចូលរួមផ្តល់ព័ត៌មានដល់សមត្ថកិច្ច រហូតឈានដល់ការរឹបអូសដកហូតបាន នូវគ្រឿងញៀនទាំងនេះ។
បច្ចុប្បន្នសមត្ថកិច្ចជំនាញ បានរឹបអូសបានគ្រឿងញៀនទាំងនេះ នឹងត្រូវបញ្ជូនទៅតុលាការខេត្តបាត់ដំបង ដើម្បីរក្សាទុក និងដុតបំផ្លាញចោលនៅពេលក្រោយ៕