(ភ្នំពេញ)៖ ក្រុមហ៊ុន ជីប ម៉ុង គ្រុប បានឧបត្ថម្ភថវិកាចំនួន ១៧៥,០០០ដុល្លារ ជូនដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) សម្រាប់ទិញ Covid-19 Ag Rapid Test ដើម្បីរួមចំណែកជាមួយ សមាគមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

ការចូលរួមនេះគឺជាទឹកចិត្ត និងសប្បុរសធម៌ជួយគ្នានៅក្នុងគ្រាដែលប្រទេសជាតិ កំពុងជួបគ្រោះអាសន្នដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ ខណ:ពេលបច្ចុប្បន្នដែលថ្នាក់ដឹកនាំ និងក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) និងយុវជនស្ម័គ្រចិត្តប្រឆាំងកូវីដ១៩ ដែលកំពុងបំពេញភារកិច្ចយ៉ាងសកម្មដើម្បីជាតិ និងប្រជាជន។

ស្របពេលដែលប្រទេសកម្ពុជា មានការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងសហគមន៍ មានសប្បុរសជនជាច្រើនបានចូលរួឧបត្ថម្ភថវិកា សម្ភារ ជូនដល់សមាគម TYDA ដើម្បីរួមចំណែកជាមួយសកម្មភាពមនុស្សធម៌ ដើម្បីជាតិនិងប្រជាជន។

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) សូមថ្លែងអំណរគុណចំពោះក្រុមហ៊ុន ជីប ម៉ុង គ្រុប និងសប្បុរសជនទាំងអស់ដែលបានចូលរួមសកម្មភាពមនុស្សធម៌ ជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេតេជោ (TYDA) តាមរយៈការឧបត្ថម្ភថវិកា សម្ភារ ដើម្បីផ្តល់លទ្ធភាពឱ្យសមាគមបំពេញបេសកកម្មមនុស្សធម៌សម្រាប់ជាតិ និងមាតុភូមិ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ខណ:ដែលចំនួនអ្នកកើតជំងឺកូវីដ-១៩ នៅតែមានចំនួនច្រើន មានសប្បុរសជនជាច្រើនបានចូលរួមឧបត្ថម្ភជាថវិកា ភេសជ្ជ: អាហារ និងសម្ភារជូនដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត យុវជន សម្តេចតេជោ(TYDA) ដែលចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដើម្បីជាការលើកទឹកចិត្តចំពោះកិច្ចខិតខំ ប្រឹងប្រែងចូលរួមក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩កន្លងមក៕