(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរ រួមទាំងភ្ញៀវជាតិ និងអន្តរជាតិ មេត្តាចូលរួមថែរក្សាប្រាសាទអង្គរវត្ត ដែលសម្បត្តិបេតិកភ័ណ្ឌពិភពលោក ឲ្យបានគង់វង្សជាដរាបតទៅ។
តាមរយៈ Facebook សម្តេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី១៩ ខែមីនានេះសរសេរថា អង្គរវត្តបានផ្តល់នូវមុខរបរ និងការងារជាច្រើនដល់ប្រជាពលរដ្ឋ និងយុវជន ដើម្បីមានចំណូល ផ្គត់ផ្គង់គ្រួសារ និងកែប្រែជីវភាពរស់នៅឲ្យកាន់តែប្រសើរឡើង ដូច្នេះគួររួមគ្នាជួយថែរក្សាការពារអង្គរឲ្យបានគង់វង្ស។
សម្តេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា «រួមគ្នាជួយថែរក្សាការពារអង្គរឲ្យបានគង់វង្ស។ ពិតណាស់គឺគ្មាននរណាម្នាក់ ធ្វើអ្វីគ្រប់យ៉ាងបានទាំងអស់ទេ គឺត្រូវការការចូលរួមពីពលរដ្ឋ ជាពិសេសការថែរក្សាការពារប្រាសាទអង្គរ ដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ដែលបន្សល់ទុកដោយបុព្វបុរសខ្មែរ។ បច្ចុប្បន្នអង្គរវត្ត បានផ្តល់នូវមុខរបរ និងការងារជាច្រើនដល់ប្រជាពលរដ្ឋ និងយុវជនដើម្បីមានចំណូល ផ្គត់ផ្គង់គ្រួសារ និងកែប្រែជីវភាពរស់នៅឲ្យកាន់តែប្រសើរឡើង។ អង្គរវត្តក្រៅពីតំណាងកិត្យានុភាពកម្ពុជា គឺជាប្រភពចំណូលដល់សេដ្ឋកិច្ចជាតិផងដែរ។ សូមពលរដ្ឋកម្ពុជា រួមទាំងទេសចរណ៌ជាតិ និងអន្តរជាតិ ចូលរួមថែរក្សាបេតិកភ័ណ្ឌវប្បធម៌ពិភពលោកនេះ ឲ្យនៅគង់វង្សជាដរាបតរៀងទៅ»៕