(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកឡើងថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទោះបីប្រទេសតំបន់ និងពិភពលោកកំពុងជួបគ្រោះមហន្តរាយធម្មជាតិ និងជំងឺផ្សេងៗ បណ្តាលមកពីការរាតត្បាតនៃជំងឺកូវីដ១៩ក្តី ប៉ុន្តែប្រទេសកម្ពុជា-វៀតណាម បានអនុវត្តការងារចាំបាច់មួយចំនួន ដែលអាចធ្វើទៅបានតាមផែនការកិច្ចសហប្រតិបត្តិការ រវាងក្រសួងការពារប្រទេសទាំងពីរ។

ការលើកឡើងបែបនេះរបស់ រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចបានអនុញ្ញាតឱ្យ លោក វូ ក្វាង មិញ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសលោកឯកអគ្គរដ្ឋទូត បញ្ចប់បេសកកម្មការទូតនៅកម្ពុជា នារសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ម្សិលមិញ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

សម្តេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់បន្ថែមថា នៅក្នុងស្ថានភាពការរីករាលរាលដាលជំងឺកូវីដ១៩ នៅក្នុងតំបន់ និងពិភពលោក ពិសេសនៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ នៅកម្ពុជា រដ្ឋាភិបាល កងទ័ព និងប្រជាជនវៀតណាម បានជួយឧបត្ថម្ភជាឧបករណ៍ សម្ភារៈវេជ្ជសាស្ត្រ ជូនដល់រាជរដ្ឋាភិបាល កងទ័ព និងប្រជាជនកម្ពុជា បានរួមចំណែកក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។

សម្តេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់ថា ក្នុងបរិបទជំងឺកូវីដ១៩ ប្រទេសយើងទាំងពីរបានបន្តពង្រឹងចំណងមិត្តភាព សាមគ្គីភាព ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ សំដៅរួមគ្នាទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងការឆ្លងរីករាលនៃជំងឺកូវីដ១៩ ដើម្បីស្តារឡើងវិញនូវសង្គម សេដ្ឋកិច្ច ក្រោយវិបត្តិជំងឺកូវីដ១៩ តាមការបំពេញការងារ និងរស់នៅតាមបែបគន្លងប្រក្រតីភាពថ្មីៗ និងអរគុណចំពោះរដ្ឋាភិបាល កងទ័ព និងប្រជាជនវៀតណាម បានបន្តជំនួយសប្បុរសធម៌ដល់កម្ពុជា រួមចំណែកក្នុងការទប់ស្កាត់ និងប្រយុទ្ធនឹងជំងឺកូវីដ១៩។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ចំពោះកិច្ចសហប្រតិបត្តិការវិស័យយោធា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទោះបីនៅក្នុងប្រទេសតំបន់ និងពិភពលោក កំពុងជួបគ្រោះមហន្តរាយធម្មជាតិ និងជំងឺផ្សេងៗ បណ្តាលមកពីការរាតត្បាតនៃជំងឺកូវីដ១៩ក្តី ប៉ុន្តែប្រទេសយើងទាំងពីរ បានអនុវត្តការងារចាំបាច់មួយចំនួន ដែលអាចធ្វើទៅបានតាមផែនការកិច្ចសហប្រតិបត្តិការ រវាងក្រសួងការពារប្រទេសទាំងពីរកម្ពុជា-វៀតណាម ដែលបានឯកភាពគ្នាកន្លងមកដូចជា ការហ្វឹកហ្វឺន បណ្តុះបណ្តាល លើកកម្ពស់សមត្ថភាពកងទ័ព ការជួយកសាងហេដ្ឋារចនាសម្ព័ន្ធ ការរៀបចំកិច្ចប្រជុំពិភាក្សាថ្នាក់រដ្ឋមន្ត្រីតាម Video Conference ការគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកានានា ការជួបពិភាក្សា រួមចំណែកលើកកម្ពស់សន្តិភាព សន្តិសុខ អភិវឌ្ឍ ទំនាក់ទំនងជាអ្នកជិតខាងល្អ និងពង្រឹងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីផលប្រយោជន៍ប្រជាជនទាំងពីរកម្ពុជា-វៀតណាម»

សម្តេចពិជ័យសេនា ទៀ បាញ់ ថ្លែងអំណរគុណចំពោះវត្តមានការចូលរួមរបស់លោករដ្ឋមន្ត្រីក្រសួងការពារប្រទេស ថ្នាក់ដឹកនាំវៀតណាម និងលោកឯកអគ្គរដ្ឋទូត នៅក្នុងពិធីសម្ពោធសមិទ្ធផលនានា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនា ១៩៧៧-២០ មិថុនា ២០២១ នាពេលកន្លងថ្មីៗនេះ។

ទន្ទឹមនឹងនេះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ បានឱ្យដឹងថា ប្រការនេះ បានបង្ហាញថា នៅក្នុងអាណត្តិបេសកកម្មការទូតរបស់លោកឯកអគ្គរដ្ឋទូត បានជួយជំរុញសម្រេចលទ្ធផលជាប្រវត្តិសាស្រ្តក្នុងការសាងសង់ផ្ទាំងសិលាចារឹក ស្ថាបនាបណ្ដុំផ្លូវប្រវត្តិសាស្ត្រតភ្ជាប់ពីតំបន់ប្រវត្តិសាស្ត្រយោធាតេជោ X16 នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ ទៅកាន់តំបន់ប្រវត្តិសាស្រ្តនៅស្រុកឡុកនិញ ខេត្តប៊ិញភឿក ប្រទេសវៀតណាម ដែលជាគុណសម្បត្តិ និងគុណតម្លៃមិនអាចកាត់ថ្លៃបានជាប្រវត្តិសាស្ត្រសម្រាប់មនុស្សជំនាន់ក្រោយសិក្សារៀនសូត្រ នាពេលអនាគត។

សម្តេចពិជ័យសេនា ទៀ បាញ់ សូមពាំនាំនូវការថ្លែងអំណរគុណរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ចំពោះរដ្ឋាភិបាល កងទ័ព និងប្រជាជនវៀតណាម ដែលបានចូលរួមសហការរៀបចំអភិវឌ្ឍតំបន់ X16 ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនា ១៩៧៧-២០ មិថុនា ២០២១ ដំណើរការប្របដោយជោគជ័យ និងផ្លែផ្កា និងស្នើរដ្ឋាភិបាលវៀតណាម ជួយគាំទ្រដល់ការចូលរួមរបស់ គណៈប្រតិភូកម្ពុជា ដឹកនាំដោយសម្តេចពិជ័យសេនា ទៀ បាញ់ ទៅចូលរួមព្រឹត្តិការណ៍ប្រកួតកីឡា SEA Games 2021 ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែវិច្ឆិកា និងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ នៅប្រទេសវៀតណាម ខាងមុខនេះ៕